
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ តុលាការកំពូលបានច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយកម្ពុជា ជាលើកទី២។
សវនាការនៅតុលាការកំពូល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នេះ ដោយអវត្តមានលោក ជូង ជូងី មេធាវីរបស់លោក គឹម សុខ លោកបញ្ជាក់ថាមិនបានទទួលលិខិតអញ្ជើញពីតុលាការ ដោយឡែកមានវត្តមានលោក គី តិច ជាមេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ ប្រកាសថា នឹងទៅជជែកជាមួយកូនក្ដីលោកនៅពន្ធនាគារដើម្បីស្វែងរកមធ្យោបាយតាមផ្លូវច្បាប់តតាំងបន្តទៀត។
អ្នកស្រី គិម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល ប្រកាសថាបន្តឃុំខ្លួនលោក គឹម សុខ ក្នុងពន្ធនាគារដដែល។
ក្រោយតុលាការកំពូលសម្រេច លោកមេធាវី ជូង ជូងី ថាលោកគ្មានអ្វីត្រូវនិយាយទៀតទេ ព្រោះលោកយល់ថា តាំងពីដើមមកដល់ពេលនេះ កូនក្ដីរបស់លោកមិនដែលបានទទួលយុត្តិធម៌ម្ដងណាឡើយ។ លោកមេធាវីបន្តថា សំណុំរឿងនេះកូនក្ដីរបស់លោកក្រៅពីមិនទទួលបានយុត្តិធម៌ហើយ ថែមទាំងបាត់បង់សិទ្ធិនៅពេលសួរដេញដោលនៅក្នុងបន្ទប់សវនាការថែមទៀតផង ព្រោះតុលាការមិនអនុវត្តឲ្យកូនក្តីមានក្រដាស និងប៊ិច ដែលអាចកត់ត្រាទុកខ្លឹមសារសំខាន់ៗក្នុងបន្ទប់ជំនុំជម្រះ។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ លោក គឹម សុខ ត្រូវសមត្ថកិច្ចឃុំខ្លួននៅពន្ធនាគារ ហើយត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១៨ខែ ព្រមទាំងសងជំងឺចិត្តសម្តេច ហ៊ុន សែន ចំនួន ៨០០លានរៀល។
លោក គឹម សុខ ជាអ្នករិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់ម្នាក់។
