
ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ថាវរៈ កាលពីព្រឹកថ្ងៃទី១១ មករា ឆ្នាំ២០១៨ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ហ៊ិន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា អាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារ១ឆ្នាំ នឹងពិន័យជាប្រាក់១លានរៀលដាក់ចូលថវិការដ្ឋ ក្រោមការចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សេចក្ដីសម្រេចនេះ បើកផ្លូវឲ្យជនត្រូវចោទប្ដឹងឱទ្ធរណ៍តាមកំណត់ច្បាប់ បើកើតទុក្ខមិនសុខចិត្តនិងការសម្រេចនេះ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ អនុរក្សពន្ធនាគារព្រៃសម២ បានបញ្ជូនស្ត្រីជនជាប់ចោទម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកសវនាការជំនុំជម្រះ ករណីចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ តាមបណ្តាញសង្គមហ្វេសប៊ុកថាសុទ្ធតែជាឃាតកសម្លាប់បណ្ឌិត កែម ឡី។
ជនជាប់ចោទត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅបេនឡានរិទ្ធិមុនី បន្ទាប់ពីរូបនាងបានបង្ហោះវីដេអូតាមគណនីហ្វេសប៊ុកឈ្មោះ ហេង លក្ខិណា កាលពីថ្ងៃទី៩ ខែកក្កដា ដោយចោទសម្តេច ហ៊ុន សែន និងក្រុមគ្រួសារថា សុទ្ធតែជាឃាតក ក្នុងអំឡុងពេលនាង កំពុងស្ថិតក្នុងពិធីបុណ្យរំលឹកខួបមួយឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ ដែលរៀបចំឡើងនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។


នាងបាននិយាយក្នុងវីដេអូនោះថា លោក ហ៊ុន សែន ហ្នឹងហើយ គ្រួសារគាត់ហ្នឹងហើយ កូនចៅរបស់គាត់ អ្នកណាក៏ជាឃាតកដែរ។ គ្រួសារគាត់ហ្នឹង អ្នកណាក៏ប្រឡាក់ឈាមលោក បណ្ឌិត កែម ឡី ដែរ។
ក្នុងសវនាការជនជាប់ចោទបានបដិសេធថា ខ្លួនពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ប៉ុន្តែខ្លួនពិតជាបានបង្ហោះវីដេអូក្នុងហ្វេសប៊ុកមែន តែខ្លួនគ្មានចេតនានិយាយបែបនេះទេ ដោយសារតែកំហឹងមួយពេល៕