
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានបញ្ចេញមតិយោបល់ ទាក់ទងនឹងព័ត៌មានមួយ គឺ នគរបាលខេត្តព្រះសីហនុឃាត់រថយន្តជនជាតិចិន៤គ្រឿង បើកបរគ្មានប័ណ្ណបើកបរ។
ដោយលោកសរសេរថា៖ ខ្ញុំធ្លាប់បានឃើញទិដ្ឋភាពខ្លះ ហើយក៏ធ្លាប់បានឮគេនិយាយច្រើនគ្នាដែរ ថាខេត្តព្រះសីហនុកំពុងតែត្រូវបានជនជាតិចិនបោះទីតាំងនៅ ទ្រង់ទ្រាយធំ និងអាចឈានទៅរកការគ្រប់គ្រងឆ្នេរ ឬទីកន្លែងកម្សាន្ត មួយចំនួន។

លោកបញ្ជាក់បន្ថែមថា៖ ការផ្តល់សិទ្ធិដល់ជនបរទេសធ្វើការអភិវឌ្ឍត្រូវតែឈរលើគោលការណ៍ និងលក្ខខ័ណ្ឌមានដែនកំណត់ច្បាស់លាស់ និងស្ថិតក្រោមការត្រួតពិនិត្យហ្មត់ចត់ និងការវាយតម្លៃជាទៀងទាត់ និងជាពិសេសធានាថាពលរដ្ឋខ្មែរនឹងបានទទួលផលចំណេញប្រកបដោយសមធម៌។ អាជ្ញារធរគ្រប់លំដាប់មិនត្រូវបណ្តោយឱ្យជនបរទេសណាមួយ មកកាង ឬធ្វើជាបងធំនៅលើទឹកដីខ្មែរឡើយ។ កុំដោយសារសំណែនប្រាក់របស់គេ ហើយបណ្តោយឱ្យគេធ្វើអ្វីតាមចិត្តឱ្យសោះ។
គួររំលឹកថា គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា នឹងប្រែក្លាយខេត្តព្រះសីហនុទៅជាខេត្តពហុបំណងតំបន់សេដ្ឋកិច្ចពិសេស ហើយនឹងធ្វើឱ្យខេត្តនេះដូចខេត្តមួយរបស់ប្រទេសនេះ។
