
ពោធិ៍សាត់ៈ មនុស្សម្នាក់ បានស្លាប់នៅនឹងកន្លែង និង៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តហ៊ីយ៉ាន់ដាយ៤តោនកន្លះ ដាច់ហ្វ្រាំងធ្លាក់ផ្លូវក្រឡាប់ខ្លួនឯង។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៤នាទីទៀបភ្លឺថ្ងៃថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅចំណុចចិនយំ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានឲ្យដឹងថា ដែលរថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯង ម៉ាកហ៊ីយ៉ាន់ដាយ៤,៥តោន ពណ៌ខៀវ ស្លាកលេខ កំពង់ចាម 3A-0097 ដឹកអំពៅ ធ្វើដំណើរមកពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ បានក្រឡាប់ខ្លួនឯងធ្លាក់ផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់។
សមត្ថកិច្ច បន្តថា ជនរងគ្រោះអ្នកបើកបររថយន្តឈ្មោះ ជួន ជឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ នៅភូមិទេពអជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល របួសស្រាល។ អ្នករួមដំណើរ ទី១ឈ្មោះ ជឿន វិសិត ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិឃុំជាមួយគ្នារបួសស្រាល មុខរបរកសិករ។ ២ ឈ្មោះ អាត់ ពៅ ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារបួសធ្ងន់ មុខរបរកសិករ។ ៣ ឈ្មោះ ផល អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយជួ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ ស្លាប់។
ក្រោយកើតហតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅពេទ្យខេត្តពោធិ៍សាត់ រីឯសាកសពរង់ចាំប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តសមត្ថកិច្ចអូសយកមករក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕



