
ភ្នំពេញៈ ជនជាតិបរទេសប្តីប្រពន្ធ២នាក់ ជិះលើរ៉ឺម៉កកង់បី ត្រូវបានជនសង្ស័យមួយក្រុម ជិះម៉ូតូ៣គ្រឿងមកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច រួចព្យាយាមជិះគេចខ្លួន តែត្រូវបានសមត្ថកិច្ចល្បាតប្រទះឃើញ ក៏ដេញតាមចាប់បាន២នាក់ ដែលសង្ស័យថា ជាបក្ខពួកជនសង្ស័យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅផ្លូវលេខ៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសម្តីម្ចាស់រ៉ឺម៉កកង់បី បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានដឹកជនរងគ្រោះចេញពីអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ បំណងមកម្តុំផ្សារបឹងកេងកង ខណៈជិះមកដល់ផ្លូវលេខ៦៣ ស្រាប់តែមានជនសង្ស័យមួយក្រុម ជិះ៣ម៉ូតូមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបស្ពាយ ហើយបានព្យាយាមជិះម៉ូតូរត់គេចខ្លួន។

ភ្លាមៗនោះ រូបគាត់ក៏ជិះកង់បីដេញតាម និងស្រែកថា ចោរៗ ទើបប្រទះឃើញសមត្ថកិច្ចកំពុងជិះម៉ូតូល្បាត ក៏ដេញតាមចាប់រហូតដល់ផ្លូវម៉ៅសេទុង កែងផ្លូវ៦៣ ទើបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជិះម៉ូតូម៉ាក និក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CW-0457 យកទៅធ្វើកាសាកសួនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកេងកង១។
ថ្វីត្បិតជនសង្ស័យត្រូវបានឃាត់ខ្លួន ប៉ុន្តែជនរងគ្រោះបានបាត់បង់សម្ភារៈ រួមមានទូរស័ព្ទមួយគ្រឿង ប៉ាស្ព័ និងលុយមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីសាកសួរបន្ត៕




