
ស្វាយរៀងៈ ប្រតិបត្តិការទ្រង់ទ្រាយធំ១ទៀត ស្ដីពីការបង្ក្រាបគ្រឿងញៀននៅខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងអាវុធហត្ថក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាលទ្ធផលចាប់ខ្លួនជនសង្ស័យ១០នាក់ ក្នុងនោះមានស្រី៣នាក់ ព្រមទាំងដកហូតថ្នាំញៀនរហូតជាង៧គីឡូក្រាម កាំភ្លើងខ្លី២ដើម ព្រមទាំងសម្ភារមួយចំនួនទៀត។
នៅរសៀលថ្ងៃអង្គារ ៧កើត ខែមករា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានធ្វើសន្និសីទកាសែតបង្ហាញមុខក្រុមជនសង្ស័យ និងវត្ថុតាងមុនបញ្ជូនទៅកាន់តុលាការ។

ឧត្តមសេនីយ៍មេបញ្ជាការបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំនេះ បានធ្វើឡើងតាំងពីយប់ថ្ងៃទី១៩ រហូតដល់ព្រឹកថ្ងៃទី២២ ខែមករា ដោយមានកិច្ចសហការរវាងកម្លាំងអាវុធហត្ថខេត្តស្វាយរៀង កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស នឹងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញា លោក គង់ ច័ន្ទខេមរិទ្ធិ និងព្រះរាជអាជ្ញារងក្រុងភ្នំពេញ លោក សឿន មុន្នីរ័ត្ន។
ឧត្តមសេនីយ៍មេបញ្ជាការបានឲ្យដឹងថា ប្រតិបត្តិការដំបូង ធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែមករា ដោយកម្លាំងអាវុធហត្ថចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យូរ បញ្ញា នៅខារ៉ាអូខេ PPT3 ក្នុងក្រុងបាវិត ដកហូតថ្នាំញៀនពណ៌ផ្កាឈូក២៩០គ្រាប់ និងពណ៌ស១០គ្រាប់។ ក្រោយសួរចម្លើយ កម្លាំងអាវុធហត្ថ និងដោយមានការឯកភាពពីថ្នាក់ដឹកនាំ និងក្រោមការបញ្ជាផ្ទាល់ ពីឧត្តមសេនីយ៍ឯក ស៊ិន សុផានី មេបញ្ជាការរង ទទួលផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថផ្ទៃប្រទេស និងស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងបានបន្ដពន្លាតដែនសមត្ថកិច្ច ឈានទៅដល់ការចាប់ខ្លួនស្ដ្រីម្នាក់ទៀតឈ្មោះ ហ៊ុន ស្រីកា នៅសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយដកហូតថ្នាំញៀន ២កញ្ចប់ធំ។
ក្រោយសួរចម្លើយជនសង្ស័យទី២នេះ កម្លាំងអាវុធហត្ថបានបន្ដទៅឆែកឆេរបន្ទប់ស្នាក់នៅ និងឃាត់ខ្លួនជនសង្ស័យ៧នាក់ទៀត ក្នុងនោះជនជាតិវៀតណាម៤នាក់ ហើយដកហូតថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនធំ។ លុះដល់រសៀលថ្ងៃទី២១ ខែមករា កម្លាំងអាវុធហត្ថបានបន្ដចាប់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ ង៉ូវ សុភារម្យ អាយុ៣០ឆ្នាំ នៅខាងក្រោយរោងកុនលុច្ស ខណ្ឌដូនពេញ ដោយដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួនទៀត។
ក្រោយសួរចម្លើយ កម្លាំងសមត្ថកិច្ចបានបន្ដចុះទៅឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែមករា ដោយដកហូតថ្នាំញៀនជាង៥គីឡូក្រាម និងវត្ថុតាងជាច្រើនផ្សេងទៀត។
សូមបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យ១០នាក់ មាន៥នាក់ ក្រោយពីសាកសួរមិនមានការពាក់ព័ន្ធក្នុងករណីគ្រឿងញៀននេះទេ ហើយសមត្ថកិច្ចបានឲ្យធ្វើកិច្ចសន្យារួចឲ្យត្រលប់ទៅផ្ទះវិញ ខណៈប្រជាពលរដ្ឋមានការអបអរសាទរដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេសអាវុធហត្ថរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ដែលខិតខំប្រឹងប្រែងអស់កម្លាំងកាយនៅក្នុងការបម្រើប្រទេសជាតិ ពិសេសភូមិឃុំមានសុវត្ថិភាពផងដែរ៕











