ស្វាយរៀងៈ មន្រ្តីកាំកុងត្រូលខេត្តស្វាយរៀង ចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុ-សិស្ស នៅវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង ដែលមានសិស្សចូលរួមជាង៨០០នាក់រួមមក សាខាកាំកុងត្រូលខេត្ត បានបន្តចុះពិនិត្យមុខទំនិញ នៅផ្សារវាលយន្តក្រុងស្វាយរៀង ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានរកឃើញសារជាតិគីមីបូរ៉ាក់ នៅក្នុងប្រហិតប៉ាត់តេ ចំនួន៣៦គីឡូក្រាម។
មន្ត្រីកាំកុងត្រូលដែលចុះទៅពិនិត្យមុខទំនិញ នៅផ្សារវាលយន្ត បានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញនាពេលនេះ ពិតជាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ព្រោះការទទួលខុសត្រូវលើ «សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រានមានជីវិត ។

មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយពីការចុះពិនិត្យយ៉ាងយកចិត្តដាក់ ពីមន្ត្រីកាំកុងត្រូលនៅផ្សារវាលយន្តក្រុងស្វាយរៀង បានរកឃើញវត្តមសារជាតិគីមី(បូរ៉ាក់) នៅក្នុងប្រហិតប៉ាតតេ ចំនួន៣៦គីឡូក្រាម ផលិតនៅភ្នំពេញ របស់ក្រុមហ៊ុន៩៩៩ ដែលជាការអះអាងរបស់អ្នកលក់ ត្រូវដកហូតយកទៅកម្ទេចចោល។
ជាលទ្ធផលបង្ហាញថា ក្រោយពីមន្ត្រីជំនាញបានធ្វើកិច្ចការងារលើរឿងនេះ អាជីវករក៏បានយល់ព្រមបញ្ឈប់ដាក់លក់ទំនិញ ដែលហួសសុពលភាពប្រើប្រាស់ និងឈប់លក់ប្រភេទប្រហិត ដែលផ្ទុកនូវសារជាតិគីមី ព្រោះបានយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ។ ហើយប្រភេទគីមីប៉ូរ៉ាក់នេះ វាធ្វើឲ្យប៉ះពាល់ដល់ក្រពះពោះវៀន ថ្លើម យ៉ាងធ្ងន់ធ្ងរ ខណៈដែលយើងបានបរិភោគវា។
តែទោះជាយ៉ាងនេះក្តី ក៏ក្រុមការងារយើង នៅតែបន្តតាមដាន និងចុះពិនិត្យទំនិញឲ្យបានញឹកញាប់បន្ថែមទៀត នៅតាមទីផ្សារនានា នៅក្នុងខេត្តស្វាយរៀង៕




