Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្ពុជា បានប្រារព្ធពិធីបញ្ជូនកងទ័ពមួកខៀវចំនួន១៨៤នាក់នៃកងវិស្វកម្មលេខ៩៦៣ ទៅប្រទេសលីបង់ ដើម្បីទៅបំពេញបេសកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្កការសហប្រជាជាតិ។

ថ្លែងក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ៩៦៣ ទៅប្តូរវេនកងវិស្វកម្មលេខ៣៦៩ ដែលបញ្ចប់បេសកម្មរក្សាសន្តិភាពរបស់អង្កការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងកង់វិស្វកម្មលេខ៤៥៩ បញ្ចប់បេសកម្ម នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាព្រឹកថ្ងៃទី១៨ ខែមករា នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួងការពារជាតិថ្លែងថា នេះជាសមិទ្ធផលថ្មីមួយថែមទៀត លើសមិទ្ធផលជាច្រើន ដែលកម្ពុជាសម្រេចបាន លើការងារបញ្ជូនកម្លាំងទៅចូលរួមបេសកម្មរក្សាសន្តិភាពរបស់អង្កការសហប្រជាជាតិ ក្នុងការចូលរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើសកលោក។

សម្តេច បញ្ជាក់ថា «សមិទ្ធផលនេះ បង្ហាញឲ្យឃើញពីសមត្ថភាពបទពិសោធន៍ការងារប្រកបដោយវិជ្ជាជីវៈក្នុងការបំពេញបេសកម្មរបស់កងយោធលខេមភូមិន្ទ ដែលជានិច្ចជាកាល មន្ត្រីតំណាងអង្កការសហប្រជាជាតិ  តែងតែធ្វើការវាយតម្លៃខ្ពស់  និងកោតរសើចំពោះ សេចក្តី ក្លាហាន វិជ្ជាជីវៈ ភាពប៉ិនប្រសប់  វិន័យល្អ និងសហប្រតិបត្តិការ  ប្រសើរជាមួយកម្លាំងចូលរួម បេសកម្ម របស់អង្កការសហប្រជាជាតិ  ស្របតាមឆន្ទះយ៉ាងមុតមាំរបស់រដ្ឋាភិបាលកម្ពុជា  ក្នុងការពង្រឹង ពង្រីកតួនាទីភារកិច្ចរបស់ខ្លួនលើវិស័យរក្សាសន្តិភាព»

សម្តេច ទៀ បាញ់ ក៏បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហររបស់ខ្លួន ក្នុងការចូលរួមរក្សាសន្តិភាពរបស់អង្កការសហប្រជាជាតិ  តាមរយៈបង្កើតការរៀបចំរចនាសម្ព័ន្ធ  រួមទំាងកម្លាំងមធ្យោបាយគ្រឿងបំពាក់ និងសម្ភារៈ ជាកម្រិតចល័តរហ័ស  ដើម្បីត្រៀមធ្វើការចល័តក្នុងអំឡុងពេលដែលមានសំណើចាំបាច់របស់ទីបញ្ជាការ អង្កការសហប្រជាជាតិ និងពង្រឹងការចូលរួមឲ្យកាន់តែសកម្មថែមទៀតនូវការរួមចំណែកជាមួយ បណ្តាប្រទេសបរិច្ចាគកម្លាំងបំពេញបេសកម្មរបស់អង្កការសហប្រជាជាតិ តាមរយៈបេ្តជ្ញា និងបង្កើតការចូលរួមនាយទាហានក្នុងបេសកម្មជាសេនាធិការ  និងសង្កេតការណ៍យោធាជា នារី រហូតដល់ ១៥% តាមការស្នើសុំរបស់អង្កការសហប្រជាជាតិ ព្រមទំាងត្រៀមធ្វើម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពនៅកម្ពុជាទៀតផង។

លោកស្រី Claire Van der Vaeran អ្នកសម្រូលសម្រួលអង្កការសហប្រជាជាតិប្រចាំនៅ កម្ពុជាបានលើកឡើងថា «ខ្ញុំសូមគោរពដល់កងកម្លាំងរក្សាសន្តិភាពចំនួន២១៦នាក់នៃ កង វិស្វក ម្មសំណង់លេខ៤៥៩ និង១៨៤នាក់នៃកងពហុជំនាញលេខ៣៦៩ ចំពោះភាពក្លាហាន ការគោរពវិន័យ  និងការបរិច្ចាគក្នុងតំបន់ តាមរយៈការបោសសំអាតមីនដោយដៃផហ ដោយគ្រឿងចក្រផង  និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។  ខ្ញុំមានសេចក្តីរីករាយ  ដោយឃើញ កងរក្សាសន្តិភាព ត្រឡបមកប្រកបដោយសុវត្ថិភាព ។ ការតំាងចិត្តរបស់អស់លោក លើផ្នែកសន្តិភាព  និងសន្តិសុខអន្តរជាតិ តាមរយៈការបំពេញភារកិច្ច ទទួលបាននូវការសាទរ  ហើយតាមនាប្រព័ន្ធអង្កការសហប្រជាជាតិ  ខ្ញុំសូមសម្តែងអរគុណដែលអស់លោកបានចូលរួមចំណែករក្សាសន្តិភាព»

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor