
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងតូបអាសែត មុខវត្តលង្កា។
ជា វិជ្ជា ត្រូវបានចាត់ទុកជាវីរជនកម្មករ
ក្រោយការបាញ់សម្លាប់លោក ជា វិជ្ជា ឃាតកសិប្បនិម្មិត២រូបត្រូវបានចាប់ដាក់ពន្ធនាគារ តែក្រោយពីមានការទាមទារ ឃាតកសិប្បនិម្មិតទាំង២ត្រូវបានដោះលែងវិញ។
លោក អ៊េង ឆៃអ៊ាង បានមានប្រសាសន៍ថា៖ ថ្ងៃនេះជា ខួប១៤ឆ្នាំ(២២-០១-២០០៤_២២-០១-២០១៨)ដែលឃាតកដែលរៀបចំដោយជនមានអំណាចបានប្រល័យជីវិតលោក ជា វិជ្ជា មេដឹកនាំសហជីពកម្មករដ៏ល្បីល្បាញ នៅកណ្តាលរាជធានីភ្នំពេញ ។
លោកបន្ថែមថា ឯឃាតក និងជននៅពីក្រោយខ្នងឃាតក មិនត្រូវបានអាជ្ញាធរធ្វើការស៊ើបអង្កេត ស្រាវជ្រាវ នាំខ្លួនយកមកផ្តន្ទាទោសឡើយ ។
១៤ឆ្នាំ បានកន្លងផុតទៅ តែពួកយើងចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់លោក ជា វិជ្ជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារ និងលើកស្ទួយសិទ្ធិសេរីភាព និងផលប្រយោជន៍កម្មករ ។ នេះជាការលើកឡើងរបស់លោក អ៊េង ឆៃអ៊ាង។
ដរាបណាឃាតក និងជនពាក់ព័ន្ធមិនត្រូវបានវែកមុខ យើងក៏មិនបញ្ឈប់ការទាមទារដែរ គឺទាមទាររហូតទាល់តែអាជ្ញាធរ នាំខ្លួនឃាតកពិត និងជននៅពីក្រោយខ្នងឃាតក យកមកផ្តន្ទាទោសតាមច្បាប់ ។


