
ភ្នំពេញៈ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក តុប ឈុនហេង បានប្រកាសសាលក្រមផ្តន្ទាទោសទណ្ឌិតម្នាក់ ដែលលួចរត់ពីពន្ធនាគារ ដាក់ពន្ធនាគារបន្ថែម១៨ខែទៀត និងពិន័យជាប្រាក់២លានរៀលចូលថវិការដ្ឋពីបទលួចរត់ តាមមាត្រា៥៦០ និង៥៦១នៃក្រមព្រហ្មទណ្ឌ។
ទណ្ឌិតរូបនេះឈ្មោះ បាន គ្រាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទលួចហើយនៅសល់តែ២ខែទៀតនឹងត្រូវមានសេរីភាពវិញ បែរជាលួចរត់ពីមន្ទីរឃុំឃាំង។

ពាក់ព័ន្ធការលួចរត់នោះតាមប្រភពព័ត៌មានធ្លាយចេញពីពន្ធនាគារប៉េហ្ស៊ី បានបង្ហើបឲ្យដឹង ថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ មេសា ២០១៧ លោក ពេជ្រ យ៉ុ ន ប្រធាន ពន្ធនាគារប៉េហ្ស៊ី បានយកអ្នកទោស៤ទៅ៥នាក់ឲ្យធ្វើការងារក្រៅ ពោលគឺឲ្យធ្វើនៅបន្ទប់ស្នាក់ នៅរបស់លោកប្រធានផ្ទាល់នៅជាប់ពន្ធនាគារប៉េហ្ស៊ីនោះ។ ខណៈពេលអនុរក្សយាមការពារ ភ្លេចខ្លួន ស្រាប់តែឈ្មោះ បាន គ្រាក់ បានរត់ចេញ ដើម្បីគេចខ្លួនធ្វើឲ្យប្រធានពន្ធនាគារព្រលឹងចុងសក់ទាំងព្រលឹម។ ប៉ុន្តែជាសំណាងល្អ ជនជាប់ចោទរត់ទៅដល់ម្តុំសួនច្បារវត្តភ្នំទឹកដីខណ្ឌដូនពេញ ត្រូវសន្តិសុខយាមសួននៅទីនោះចាប់បានវិញ។ កន្លងមកពន្ធ គារប៉េហ្ស៊ីធ្លាប់ត្រូវបានអ្នកទោស ឬជនជាប់សង្ស័យ បានហែកគុករត់ញឹកញាប់ហើយ ក្នុង នោះ ក៏មានឈ្មោះ សោម ឯក ម្នាក់ដែរ ដែលជាអ្នកទោសឧក្រិដ្ឋ។
នៅពេលសវនាការ ទណ្ឌិតឈ្មោះ បាន គ្រាក់ បានសារភាពថា រូបគេកំពុងជាប់ឃុំ និងអនុវត្តទោស២ឆ្នាំ ក្នុងសំណុំរឿងលួច ដោយសារតែខ្លួន ជិតបានចេញទៅផ្ទះវិញ ទើបខាងពន្ធនាគារ អនុញ្ញាតឱ្យខ្លួនអាចចេញធ្វើពលកម្មនៅក្រៅបន្ទប់ឃុំឃាំងបាន។ ដោយឃើញជាឱកាសល្អ ខ្លួនក៏លួចរត់ទៅផ្ទះ ក៏ត្រូវសមត្ថកិច្ចដេញតាមចាប់បានមកវិញនៅម្តុំវត្តភ្នំ៕
