
ក្នុងរយៈពេល២ខែ គឺចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កម្លាំងនៃអគ្គនាយក ដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលអន្ដោប្រវេសន៍ បានរកឃើញឯកសារ និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ពីជនជាតិវៀតណាម និងឡាវ ជាង២ម៉ឺននាក់ ដែលរស់នៅទូទាំង២៥ រាជធានី-ខេត្ត ដែលពួកគេកំពុងកាន់កាប់។
ឯកសាររដ្ឋបាលដែលត្រូវបានសមត្ថកិច្ចកម្ពុជាធ្វើការដកហូតនោះរួមមាន៖ សៀវភៅស្នាក់នៅចំនួន ៤ ២១៩ក្បាល សៀវភៅគ្រួសារចំនួន ៨៧៣ក្បាល សំបុត្រកំណើតខ្មែរ ចំនួន ២ ៧៣៧ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ចំនួន ១៥២ច្បាប់ អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ១ ៨៤៨ និងលិខិតឆ្លងដែនខ្មែរ ចំនួន១០៥ ក្បាល។
យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលកម្ពុជាពីជនបរទេស ចំនួន៦៤៤គ្រួសារ ក្នុងនោះមានអ្នកដែលត្រូវបានដកហូតមានចំនួន ២១១៦៧នាក់ ក្នុងនោះ ស្រី ៩ ៨២៩នាក់ដែលមានទាំងសញ្ជាតិ វៀតណាម និងឡាវ។
តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសដែលបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីរួច គឺមានជម្រើសពីរ ៖
ទី១ អាចត្រឡប់ទៅប្រទេសដើមរបស់ខ្លួនវិញ និង
ទី២៖ អាចដាក់ពាក្យស្នើសុំជាជនបរទេសអន្ដោប្រវេសន៍ដែលត្រូវបានត្រួតពិនិត្យ និសម្រេចដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។

