
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានសរសរក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ ក្នុង១ជីវិតខ្ញុំ ឱ្យតែដល់ថ្ងៃ ៧ មករាម្តងៗ ឃើញតែខ្មែរយើងគ្រប់ស្រទាប់ ខ្វែងគំនិតគ្នា និងប្រកែកគ្នា ទៅតាមនិន្នាការរបស់ខ្លួន ធ្វើឱ្យក្មេងៗជំនាន់ក្រោយវង្វែង វិលក្បុង មិនប្រាកដថាអ្វីជាការពិត អ្វីជាការប្រឌិត នរណាជាអ្នកមានគុណ នរណាជាដើមហេតុ ។ល។ បើតែយ៉ាងនេះតទៅទៀតខ្មែរគ្មានថ្ងៃនិងឯកភាពគ្នាថាអ្វីទៅជាការពិតទេ។
លោកសូមមិនបញ្ចេញយោបល់រឿនេះទេ ប៉ុន្តែសូមឆ្ងល់ ហើយសូមមេត្តាជួយពិចារណារកចម្លើយ ខាងក្រោមនេះជាចម្ងល់របស់លោក៖
១.តើប៉ុល ពត ដែលជាបញ្ញាវ័ន្តខ្មែរ ហើយគ្មានជំងឺវិកលចរិតអាចជាអ្នកបញ្ជាឱ្យមានការសម្លាប់ជនរួមជាតិខ្លួនឯងរហូតដល់ទៅជាង ២ លាននាក់ដោយឯកឯងដែរទេ?
២. តើបញ្ញាវ័ន្តដូចជាប៉ុល ពត ដែលផ្តល់តម្លៃលើចំណេះវិជ្ជាអាចជាអ្នកកំណត់ថាបញ្ញាវ័ន្ត និងអ្នកបួស អ្នកចេះដឹងគឺជាអ្នកត្រូវតែសម្លាប់មុនគេដែរទេ?
៣. តើប៉ុល ពត និងមេដឹកនាំកំពូលមួយចំនួនទៀតនៃរបបខ្មែរក្រហមគិតថាពួកគាត់បានផលចំណេញពីការសម្លាប់រង្គាលនៃជនជាតិខ្មែរដែរឬទេ? បើចំណេញតើគេចំណេញអ្វីខ្លះ?
៤.ប្រសិនបើប៉ុល ពត ឬមេដឹកនាំខ្មែរក្រហមមិនចំណេញពីការសម្លាប់ ឬធ្វើទារុណកម្មខ្មែរ និងជាតិសាសន៍ខ្លួនឯងទេ តើនរណាជាអ្នកបានផលចំណេញពីការប្រល័យពូជសាសន៍នេះ?
មិនបាច់ឆ្លើយសំនួរទាំងនេះក៏បានដែរ គ្រាន់តែប្រើខួរក្បាលខាងឆ្វេង (IQ) ដើម្បីត្រិះរិះពិចារណារៀងៗខ្លួនចុះ។
ទោះជាយ៉ាងក៏ដោយចុះ លោកក៏ទទួលស្គាល់ថាថ្ងៃ ០៧ មករា ១៩៧៩ ជាថ្ងៃដែលបានទប់ស្កាត់យុទ្ធនាការសម្លាប់ និងធ្វើទារុណកម្មខ្មែរជាប្រព័ន្ធ ហើយបានរក្សាជីវិតខ្មែរជាច្រើនលាននាក់ឱ្យរួចផុតពីការស្លាប់រង្គាលដែរ។ តទៅមុខទៀត ខ្ញុំយល់ថាខ្មែរយើងគួរទុកអតីតកាលនេះជាមេរៀន តែមិនបាច់ប្រកែកគ្នាយកចាញ់ យកឈ្នះអ្វីរឿងហ្នឹងទេ។ យើងគួរនាំគិតឆ្ពោះទៅអនាគត ហើយចាប់ដៃគ្នាកសាងប្រទេសយើងឱ្យបានរីកចម្រើនយ៉ាងលឿន និងការពារដែនខ័ណ្ឌសីមានៃអាណាចក្រយើង និងកសាងធនធានមនុស្សយើងឱ្យក្លាយជាពលរដ្ឋលំដាប់ពិភពលោក។

គួររំលឹកថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យ របស់លោក ប៉ុល ពត។