
ភ្នំពេញៈ និស្សិតស្រីម្នាក់ ខណៈកំពុងអង្គុយលក់ដូរមុខផ្ទះ ត្រូវបុរសម្នាក់ ដើរមកចាប់ចូលផ្ទះខ្លួនឯង រួចរំលោភបានសម្រេច គាប់ជួនម្តាយនារីរងគ្រោះមកទាន់ ក៏ស្រែកឆោឡោ ឲ្យអ្នកជិតខាងជួយចាប់ជនល្មោភកាមរូបនោះ ព្រមទាំងព្រួតវាយបែកមុខម៉ាត់ ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចតុមុខ ។
ជាក់ស្តែកម្លាំងផ្នែកយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ធវៈរូបនោះ កាលពីវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ផ្ទះលេខ៦B ផ្លូវសុធារស ភូមិទី១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សួន ធា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅមិនពិតប្រាកដ (ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន)។ ចំណែកជនរងគ្រោះមានឈ្មោះ ដ អ ហ ណា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត មានទីលំនៅផ្ទះលេខ៦B ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ដោយយោងតាមការបំភ្លឺពីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ នាង(នារីរងគ្រោះ) បានលក់ដូរនៅខាងមុខផ្ទះរបស់ខ្លួនតែម្នាក់ ខណៈនោះស្រាប់តែឃើញបុរសរូបនេះ ដើរសំដៅមក ដែលជំហ៊ានដំបូងនាងស្មាតែគេមករកទិញអីវ៉ាន តែពេលដែលមកដល់ជិតនាងបុរសរូបនោះ បានចាប់នាងអូសចូលក្នុងផ្ទះរួចចាប់ផ្តើមចាប់សម្រាត រួចរំលោភនាងរហូតបានសម្រេច គាប់ជួនពេលនោះបានម្តាយរបស់នាងមកទាន់ ឃើញពីសកម្មភាពបែបនេះ ក៏ស្រែកឆោឡោហៅអ្នកជិតខាង ឲ្យមកជួយចាប់ជនសង្ស័យល្មោភកាមរូបនេះ ប្រគល់ឲ្យសមត្ថកិច្ចមកនាំខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

