Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា កាលពីខែធ្នូ ឆ្នាំ២០១៧ថ្មីៗនេះ ភាគីវៀតណាម បានជីកផ្លូវកាត់ផ្ដាច់ការធ្វើដំណើរនៅច្រកចំនួន៤កន្លែង ស្ថិតនៅក្នុងភូមិសាស្ដ្រស្រុកអណ្ដូងមាស ខេត្តរតនគីរី ដោយសារខឹងភាគីកម្ពុជា មិនយល់ព្រមតាមសំណើសុំបើកជាច្រកផ្លូវការ។

យោងតាមរបាយការណ៍បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបតិ្តការប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារប្រចាំខែមករា ឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា “ក្នុងខែនេះ (ខែធ្នូ) សភាពការណ៍សន្ដិសុខនៅតាមតំបន់ព្រំដែនជាទូទៅមានលក្ខណៈស្ងប់ស្ងាត់ ប៉ុន្ដែកត់សម្គាល់ភាគីវៀតណាម បានជីកផ្លូវកាត់ផ្ដាច់ការធ្វើដំណើរនៅច្រកចំនួន៤កន្លែង ស្ថិតនៅក្នុងភូមិសាស្ដ្រស្រុកអណ្ដូងមាស ខេត្តរតនគីរី ដោយមូលហេតុខឹងភាគីកម្ពុជា មិនយល់ព្រមតាមសំណើសុំបើកជាច្រកផ្លូវការ”។

កាលពីថ្ងៃទីទី១៥ ខែមីនា ឆ្នាំ២០១៧ ក្រោយបញ្ចប់កិច្ចប្រជុំលើការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែន និងកិច្ចប្រជុំគណៈកម្មការចម្រុះ រវាងកម្ពុជា-វៀតណាម ភាគីទាំងពីរ បានសន្យារួមគ្នាថា នឹងបន្តបង្ក្រាបរាល់បទល្មើសនានានៅតាមបន្ទាត់ព្រំដែន ដើម្បីរក្សាស្ថិរភាព និងពន្លឿនការបោះបង្គោលព្រំដែនផងដែរ។

ដោយឡែក ពាក់ព័ន្ធប្រទេសថៃវិញ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងដែរថា នៅព្រំដែនភាគីខាងលិចភាគីថៃ ក៏បានបញ្ជូនពលករចំណាកស្រុកខុសច្បាប់មកកម្ពុជា វិញសរុប២៩លើក មានពលរដ្ឋ៣.៣២០នាក់ (ស្រី១.៥៤៥នាក់ កុមារ២៩៨នាក់)។

ក្នុងនោះ កម្លាំងនគរបាលព្រំដែន បានយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អប្រសើរ ដោយបានចូលរួមប្រជុំជាមួយភាគីមិត្ត២៦លើក (កម្ពុជា-ថៃ ១៨លើក កម្ពុជា-វៀតណាម ៨លើក) ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហការល្អជាមួយគ្នា ក្នុងការរក្សាសន្ដិសុខ ទប់ស្កាត់បង្ក្រាបបទល្មើសឆ្លងដែន និងការពារក្រុមគណៈកម្មការចម្រុះវាស់វែងខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ សិក្សាស្រាវជ្រាវរុករកទីតាំងបង្គោលព្រំដែនលេខ១ ស្ថិតភូមិសាស្ដ្រភូមជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងបានការពារក្រុមគណៈកម្មការចម្រុះវាស់វែងខណ្ឌសីមាព្រំដែនកម្ពុជា-វៀតណាម ក្នុងការកសាងសង់បង្គោលបំពេញបន្ថែម ប្រភេទបេតុងចំនួន៣១បង្គោល និងបង្គោលតម្រុយចំនួន៨៣បង្គោល។

សូមរំឭកថា របាយការណ៍បង្ហាញទៀត កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ កងទ័ពការពារព្រំដែនវៀតណាម ប៉ុស្តិ៍លេខ៧០៣ របស់ខេត្តកន្ទូម វៀតណាម បានធ្វើរបងបិទផ្លូវ៤កន្លែង ដែលជាផ្លូវតភ្ជាប់ទំនាក់ទំនងចេញចូលរវាងប៉ុស្តិ៍ការពារព្រំដែន ដែលនៅទល់មុខគ្នាត្រង់ចំណុចបង្គោលព្រំដែនលេខ១៧, ១៨, ១៩ និង១៩/៥។

ការបិទ៤ចំណុចខាងលើ បានធ្វើឲ្យប៉ះពាល់ដល់ការចេញចូលទំនាក់ទំនងរវាងប៉ុស្តិ៍ការពារព្រំដែនលេខ៥០៥ នៃវរៈការពារព្រំដែនលេខ២០៣ កម្ពុជា ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនលេខ៧០៣ នៃកងទ័ពការពារព្រំដែនខេត្តកន្ទូម វៀតណាម។

កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តរតនគិរីកម្ពុជា និងខេត្តកន្ទូមវៀតណាម បានប្រជុំពិភាក្សាបើកច្រកទ្វេភាគីចំនួន៤កន្លែង ស្ថិតនៅម្តុំបង្គោលលេខ៤/២ លេខ១០ លេខ១៣ និងលេខ១៩ ក្នុងនោះ ភាគីទាំងពីរ បានឯកភាពព្រមព្រៀងគ្នាតែ១ចំណុច គឺត្រង់បង្គោលលេខ១៩ប៉ុណ្ណោះ នៅសល់៣ចំណុចទៀត ភាគីខេត្តរតនគិរី មិនឯកភាព ដោយសារតែចំណុចទាំង៣នោះ ស្ថិតនៅក្នុងព្រៃជ្រៅ ពុំមានពលរដ្ឋខ្មែរ រស់នៅ និងឆ្លងកាត់ចេញចូលឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor