
ភ្នំពេញៈ ជនល្មោភកាមម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បាន រួចប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ទួលសង្កែ១ ខណ្ឌឫស្សីកែវ ខណៈជននេះធ្វើសកម្មភាពចាប់រំលោភសេពសន្ទវៈលើក្មេងស្រីជាអនិតិជន មានវ័យទើបតែ១៣ឆ្នាំបានសម្រេច ស្រាប់តែត្រូវឪពុករបស់ក្មេងរងគ្រោះមកទាន់។
ករណីរំលោភសេពសន្ទវៈ ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅវេលាម៉ោងជាង៩យប់ ថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុងក្រុម៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
ឪពុកក្មេងស្រីរងគ្រោះ បានរៀបរាប់ថា នៅម៉ោងប្រមាណជាជាង៩យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ខណៈរូបគាត់មកពីដើររើសអេតចាយវិញ ក៏សំដៅទៅបន្ទប់ជួល រួចក៏រុញទ្វារ ស្រាប់តែឃើញជនសង្ស័យដេកនៅពីលើកូនស្រីរបស់ខ្លួន "ក្មេងស្រីរងគ្រោះ" ទើបគាត់ "ឪពុក" ទៅបើកភ្លើង ហើយស្រែកខ្លាំងៗថា មានគេចាប់រំលោភកូនស្រីរបស់គាត់ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរស្ទុះរត់ចេញភ្លាមៗ តែបានត្រឹមប្រហែល៣០០ម៉ែត្រប៉ុណ្ណោះ ត្រូវបានប្រជាពលរដ្ឋជាអ្នកជិតខាងដេញតាមរហូតចាប់ក្របួចជាប់ ដោយរកឃើញវត្ថុតាងមានស្រោមអនាម័យ១ និងស្រោមទឹករំអិល១។

សមត្ថកិច្ច បានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ រ.ស.ណ អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅជាមួយឪពុកឈ្មោះ ណូយ ផល្លា ក្នុងទីតាំងកើតហេតុខាងលើ។ ជនសង្ស័យឈ្មោះ សឿន ស៊ីណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោយប្រជាពលរដ្ឋដេញតាមចាប់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
