
លោក ស៊ាន ប៉េងសែ ជាស្ថានិក និងប្រធានគណ:កម្មាធិការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង បានទទួលមរណភាព នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ម៉ោង ៤ ភ្លឺ ដោយរោគាពាធ នៅមន្ទីពេទ្យ ទីក្រុងប៉ារីស ប្រទេសបារាំង (Centre Hospitalier d'Orgemont, 77100 Meaux, France) ក្នុងជន្មាយុ ៨២ ឆ្នំា។
មរណភាពរបស់ លោក ស៊ាន ប៉េងសែ គឺជាការបាត់បង់អ្នកជំនាញការគូសផែនទីខ្មែរ និងជាធនធានមនុស្សរបស់ពលរដ្ឋខ្មែរដ៏ល្អម្នាក់ ដែលបានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីខ្មែរ និងការផ្តូចផ្តើមគំនិតតវ៉ារឿងប្រជុំ កោះត្រល់ ពីប្រទេសវៀតណាម នៅលើមូលដ្ឋានច្បាប់ជាតិ-អន្តរជាតិ ដែលពាក់ព័ន្ធកិច្ចការរបស់កម្ពុជា បើទោះបីជារបបដឹកនាំរបស់លោក ហ៊ុន សែន មិនខ្វល់ខ្វាយអំពីការបាត់បង់ទឹកដី និងប្រជុំ កោះត្រល់ ទៅប្រទេសជិតខាងក្តី។

លោក ស៊ាន ប៉េងសែ អតីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សម័យសាធារណៈរដ្ឋខ្មែរ និងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំប្រទេសបារាំង ដែលលោកជាឥស្សរជនម្នាក់មានឧត្តគតិស្នេហាជាតិដ៏ជ្រាលជ្រៅ និងជាឃ្លាំងចំណេះដ៏សំខាន់សម្រាប់ជាតិ។ លោកប្រៀបបាននឹងឪពុក ជាគ្រូ និងជាអ្នកដឹកនាំម្នាក់របស់ខ្មែរដែលស្រឡាញ់ប្រទេសជាតិ និងជាបញ្ញាវ័ន្តវីរភាព និងកិច្ចប្រឹងប្រែងរបស់លោក ស៊ាន ប៉េងសែ ព្រមទាំងសមាជិកនៃគណៈកម្មាធិការព្រំដែនកម្ពុជា បានផ្តល់ឯកសារស្រាវជ្រាវផ្លូវច្បាប់ផង និងលើកទឹកចិត្តដល់យុវជនខ្មែរ ពលរដ្ឋខ្មែរ ឲ្យចេះចូលរួមការពារបូរណភាពទឹកដី ខ្មែរ និងឲ្យចេះស្រឡាញ់ប្រទេសជាតិ។
