
ភ្នំពេញៈ មានការបែកធ្លាយនាល្ងាចនេះខ្លាំងតែម្តង ក្រោយគេដឹងថា ម្តាយតារាសម្តែង កំពុងល្បីល្បាញសារ៉ាយ សក្ខណា ត្រូវគេឲ្យចូលដោះស្រាយជាបន្ទាន់រឿងទិញឡានបង់រំលោះ បង់មិនទៀងទាត់ ដោយការដោះស្រាយលែងជាលក្ខណៈបិទបាំងក្លាយជាបញ្ហារហូតឡើងតទល់នៅតុលាការ។
វេលារសៀលថ្ងៃទី៣ មករានេះ អ្នកស្រី ផាន់ សម្ផស្ស ម្ដាយសារ៉ាយ សក្ខណា ត្រូវបានមន្ត្រីតុលាការបង្ហើបថា ត្រូវភាគីម្ចាស់បំណុលឈ្មោះ ឃុត ស្រីមុំ ជាអ្នកចងការប្រាក់ បានរឹបអូសយករថយន្តម៉ាក ឡិចស៊ីស 470 ពណ៌ទឹកដោះគោ ពាក់ស្លាកកលេខ 2AJ-5488 មកតម្កល់ទុកនៅតុលាការ លើកហេតុថា អ្នកស្រីពាក់ព័ន្ធនឹងបំណុលហើយមិនដោះស្រាយតម្លៃ៣ម៉ឺនដុល្លារ។ រថយន្តរបស់អ្នកស្រី ត្រូវតុលាការឃាត់ទុក អ្នកស្រី បានបើករថយន្តមកឲ្យតុលាការតម្កល់ទុកដោយផ្ទាល់ ។
ម្ដាយអ្នកនាង សារ៉ាយ សក្ខណា ត្រូវបានតុលាការរឹបអូសតាមបណ្ដឹងរបស់អ្នកស្រីឃុត ស្រីមុំ បន្ទាប់ពីអ្នកស្រីខ្ចីលុយចំនួន៣ម៉ឺនដុល្លារ ហើយមិនសងទាំងដើម និងការប្រាក់ ឈានដល់ការរឹបអូសនេះ។ រថយន្តដែលបានបង់រំលោះ នៅឃ្លាំងរថយន្ត យីហោ A5 យកមកបញ្ចាំអ្នកស្រី ឃុត ស្រីមុំ កាលពី១ឆ្នាំមុន តែដោយមានការយោគយល់ អ្នកស្រី ឃុត ស្រីមុំ ម្ចាស់ចងការប្រាក់ ក៏បានប្រគល់រថយន្តឲ្យយកមកប្រើមួយរយៈ។ គេឃើញម្ដាយអ្នកនាង សារ៉ាយ សក្ខណា បិទម៉ាស់ បើករថយន្តដែលមានជម្លោះចូលក្នុងតុលាការ ដោយមិនអាចសុំការបកស្រាយបាននៅឡើយទេ៕





