
ភ្នំពេញៈ សមត្ថកិច្ចខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ បានបញ្ជូនខ្លួនបុរសជនជាតិអង់គ្លេសម្នាក់មកសាលាដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនា(វាយដោយដៃបណ្តាលឲ្យរបួស អ្នករត់រ៉ឺម៉កកង់បីប៉ោងមុខ កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាស្ថានអប់រំ ផ្លូវព្រះនរោត្តម ភូមិទី៤ សង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ BEN FREDRICH SMITH ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិអង់គ្លេស មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ533141512 ស្នាក់នៅផ្ទះសំណាក់អូរ៉ល លេខ១០៥ ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ផេង សេងតារា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅផ្ទះលេខ៣ ផ្លូវលេខ៥៣០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវជនសង្ស័យវាយដោយដៃបណ្តាលឲ្យរបួសចំផ្ទៃមុខខាងឆ្វេងហើមជាំ៕


