
កណ្តាលៈ មន្ត្រីប៉ូលិសប៉ុស្តិ៍តាខ្មៅម្នាក់ ដែលត្រូវបានប៉េអឹមក្រុងតាខ្មៅ ចាប់ខ្លួនដោយពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនកាលពីប៉ុន្មានថ្ងៃនោះ ពេលនេះ បានរត់គេចខ្លួនពីទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ មុនបញ្ជូនទៅតុលាការបាត់ហើយ។ ករណីនេះ បានធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនរិះគន់ពីការធ្វេសប្រហែសរបស់សមត្ថកិច្ចទទួលបន្ទុក។
ជនសង្ស័យដែលរត់គេចខ្លួន មានឈ្មោះ លាង វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមន្ត្រីប៉ូលិសប៉ុស្តិ៍តាខ្មៅ។ ជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួនជាមួយបក្ខពួកចំនួន៥នាក់ផ្សេងទៀត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង៣រសៀល ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា គ.ស២០១៨ នៅចំណុច ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើទោះជាបែបណាក៏ដោយ វរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងខេត្តកណ្ដាល ទទួលផែនយុត្តិធម៌ និយាយថា ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ(ប៉ូលិសប៉ុស្ដិ៍តាខ្មៅ)មកវិញហើយ។

គួរជម្រាបថា មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅម្នាក់ និងបក្ខពួកចំនួន៥នាក់ ជាប់ពាក់ព័ន្ធរឿងជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ដឹកនាំដោយវរសេនីយ៍ត្រី ហៀង ចន្ធី មេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ ដោយមានការបញ្ជាពីសំណាក់ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាវអាវុធហត្ថខេត្តកណ្តាល សម្របសម្រួលដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការរហូតឈានទៅធ្វើការឃាត់ខ្លួន និងឆែរឆេរទីតាំងផ្ទះរបស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ និងបក្ខពួកបានគ្រឿងញៀនជិត១០កញ្ចប់ មានធំមានតូច និងវត្ថុតាងមួយចំនួនទៀត។
មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ រួមមាន ទី១ឈ្មោះ សរ រិទ្ធិយ៉ាង ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបររត់ម៉ូតូឌុប ទី២ឈ្មោះ ណែម ភារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាដ, ទី៣ឈ្មោះ ញែម និត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៤ឈ្មោះ ញែម ស្រីម៉ៅ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៥ឈ្មោះ លាង វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមន្ត្រីប៉ូលិសប៉ុស្តិ៍តាខ្មៅ។
វត្ថុតាងចាប់យក រួមមាន ម្សៅក្រោមពណ៌សថ្លា សង្ស័យសារធាតុញៀន ប្រភេទម៉ាទឹកកក (Ice) ចំនួន៨កញ្ចប់ (មធ្យម២ តូច៦) ទូរស័ព្ទចំនួន២គ្រឿងម៉ាក SAMSUNG ម៉ូតូ២គ្រឿង មានម៉ាក scoopy ពណ៌ស្វាយ ពាក់ស្លាកលេខ កណ្តាល 1S-8789 (ជិះដោយឈ្មោះ លាង វិចិត្រ) និងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1PQ 5622 (ជិះដោយឈ្មោះ សរ រិទ្ធិយ៉ាង)។
មន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ កម្លាំងអាវុធហត្ថក្រុងតាខ្មៅ បានទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋថា មានការចែកចាយនូវសារធាតុញៀននៅទីតាំងខាងលើ ហើយដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាតចុះបង្ក្រាបទីតាំងនៅនឹងកន្លែង។ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធី៕





