
ភ្នំពេញៈ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់ បានសម្រេចតែគេចមិនផុត ត្រូវសមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩៖០០នាទី នៅចំណុចមុខផ្ទះលេខ៤២BEo ផ្លូវលេខ២៣៣ កែង១១២ ក្រុមទី១៣ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ សុវណ្ណ ដេវីត ហៅ វីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ សុខ សំណាង ហៅ ណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១A2 វិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅផ្ទះជួល ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ វី គន្ធី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់រួមមាន៖ -កាបូបស្ពាយមួយពណ៌ខ្មៅ ក្នុងនោះមាន ទូរស័ព្ទមួយគ្រឿងម៉ាក Nokia 1280 ពណ៌ខ្មៅ ចំនួន១គ្រឿង, លុយខ្មែរចំនួន៥០.០០០៛ (ប្រាំម៉ឺនរៀល )។
ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ -ម៉ូតូមួយគ្រឿងម៉ាក Honda Beat ស៊េរី2017 ពណ៌ក្រហម-ស ពាក់ស្លាកលេខ ភ្នំពេញ 1GR-9956 មានលេខតួ : 9001881 និងលេខម៉ាស៊ីន: 9002965 (ចាប់យកពីឈ្មោះ សុខ សំណាង ជាម៉ូតូជិះធ្វើសកម្មភាពឆក់ )។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨៖៥០នាទី ជនរងគ្រោះបានដើរចេញពីផ្ទះសំណាក់សំរិទ្ធឧត្តម តាមបណ្ដោយផ្លូវលេខ២៣៣ ពីត្បូងទៅជើង ក្នុងគោលបំណងទៅទិញអាហារយកមកញាំ លុះពេលជនរងគ្រោះបានដើរមកដល់ចំណុចមុខផ្ទះលេខ៤២BEo ផ្លូវលេខ២៣៣ កែង១១២ ស្រាប់តែមានជនសង្ស័យឈ្មោះ សុវណ្ណ ដេវីត ហៅ ដេវីត និងឈ្មោះ សុខ សំណាង ហៅ ណាង ជិះម៉ូតូម៉ាក Honda Beat និងបក្ខពួក ចំនួន៥នាក់ទៀត ជិះម៉ូតូ៣គ្រឿងម៉ាក Honda C125 ស៊េរី2018 ពណ៌ខ្មៅ ពីរគ្រឿង និងម៉ូតូម៉ាក Honda C125 ស៊េរី2015 ពណ៌ខ្មៅ ដោយជនសង្ស័យមានគ្នា២នាក់ ជាអ្នកបើកម៉ូតូHonda C125 ស៊េរី2018 ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះឈ្មោះ វី គន្ធី ហើយបើកម៉ូតូគេចខ្លួន ពេលនោះក៏មានអ្នកជិតខាងបានស្រែកថាចោរៗ ភ្លាមនោះក៏មានប្រជាពលរដ្ឋឈ្មោះ ឃឹម សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ កំពុងឈរលេងនៅផ្លូវ ឃើញសកម្មភាព បានរត់ទៅទាញចាប់ជនសង្ស័យឈ្មោះ សុវណ្ណ ដេវីត និងឈ្មោះ សុខ សំណាង ដែលជាអ្នកបិទគូទ យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង ចំណែកបក្ខពួក៥នាក់ ជិះម៉ូតូ៣គ្រឿងទៀត យកកាបូបស្ពាយជនរងគ្រោះគេចខ្លួនបាត់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕



