
ព្រៃវែងៈ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងមនុស្ស៧នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់រុឺម៉កក្រឡាប់ដោយខ្លួនឯង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅលើស្ពានអ្នកលឿង ផ្លូវជាតិលេខ១ស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។
បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកពាមរក៍បានឲ្យដឹងថា ក្មេងស្រីដែលស្លាប់បាត់បង់ជីវិតឈ្មោះ អៃ ស្រីណេត អាយុ១២ឆ្នាំ។
ដោយឡែកមនុស្សរងរបួស៧នាក់ទៀត ទី១.ឈ្មោះ អ៊ុង អៃ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ និងជាអ្នកបើកបររុឺម៉ក ហើយត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីដែលស្លាប់ (របួសស្រាល) ទី២.ឈ្មោះ មឹក អ៊ន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយក្មេងស្រីដែលស្លាប់ (រងរបួសស្រាល) ទី៣.ឈ្មោះ ជាតិ សំណាង ភេទប្រុស អាយុ៤ឆ្នាំ ត្រូវជាកូន (របួសស្រាល) ទី៤.ឈ្មោះ អ៊ៃ វិសាល ភេទប្រុស អាយុ១ឆ្នាំ (របួសធ្ងន់)ត្រូវជាកូន ទី៥.ឈ្មោះ ជួន យិន ភេទស្រី អាយុ៦១ឆ្នាំ មុខរបរកសិករ របួសស្រាល ទី៦.ឈ្មោះ ស យន ភេទស្រី អាយុ៨៣ឆ្នាំ (របួសធ្ងន់) និងទី៧.ឈ្មោះ អ៊ុក ណាត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ (របួសស្រាល)។ ជនរងគ្រោះទាំង៨នាក់ខាងលើនេះ មានទីលំនៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង៨នាក់ធ្វើដំណើរតាមរុឺម៉កម៉ូតូ១គ្រឿងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ លុះមកដល់ចំណុចចំណោតចុះពីលើស្ពាន ស្រាប់តែរុឺម៉កម៉ូតូរេចង្កូតបោកក្រឡាប់ផ្ងារកង់ផ្ទប់នឹងបង្កាន់ដៃស្ពានបណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ និងមនុស្ស៧នាក់ទៀតរងរបួសធ្ងន់ស្រាលតែម្តង។
ក្រោយទទួលបានព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានដឹកនាំកម្លាំងនគរបាលជំនាញ ចុះទៅអន្តរាគមន៍ និងវាស់វែង ដឹកបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះអាយុជីវិត។ ចំណែកសាកសពក្មេងស្រីរងគ្រោះបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕







