
សៀមរាបៈ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប បានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើ ឆ្លងកាត់មូលដ្ឋានពួកគាត់យ៉ាងពេញបន្ទុក ហើយមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបនោះទេ។
ប្រភព បានឲ្យដឹងថា ឈ្មួញដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក ដោយប្រើគោយន្តច្នៃ ជាច្រើនគ្រឿង ហើយមន្ត្រីរដ្ឋបាល ព្រៃឈើជីក្រែង និងសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ រួមនឹងបរិស្ថាននៅតំបន់ខ្វាវ បែរជារក្សាភាពស្ងៀមស្ងាត់យ៉ាងសុខស្រួល។
ប្រការនេះ ធ្វើឲ្យព្រៃឈើ ដែលនៅសេសសល់ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដូចជា តំបន់ស្រែខ្វាវជាដើម កំពុងប្រឈមនឹងការបំផ្លាញ កាន់តែខ្លាំងឡើងៗ ព្រោះឈ្មួញឈើ តែងតែគេចផុតពីការបង្ក្រាប។

មន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកជីក្រែង បានឲ្យដឹងថា ឈើដែលគេដឹកជញ្ជូនយ៉ាងពេញបន្ទុកនោះ ត្រូវបានគេយកទៅលក់ចែកចាយ តាមរោងសិប្បកម្ម កែច្នៃឈើ២៥កន្លែង ក្នុងស្រុកជីក្រែង។ សកម្មភាពដឹកជញ្ជូនឈើ ដែលកើតឡើងយ៉ាងពេញបន្ទុកដូច្នេះ គឺជាប្រភពចំណូលដ៏សំខាន់របស់នាយសង្កាត់ រដ្ឋបាលព្រៃឈើ ស្រុកជីក្រែង និងសង្កាត់រដ្ឋបាល ព្រៃឈើខ្វាវ រួមនិងបរិស្ថាន។
ជាងនេះទៅទៀតការ ដែលមេព្រៃបើកដៃ ឲ្យមានសកម្មភាព ដឹកជញ្ជូនឈើ អាចមានការឃុបឃិតបើកដៃពីថ្នាក់លើ របស់ខ្លួន ពីសំណាក់ នាយខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តសៀមរាប និងមន្ទីរកសិកម្ម ខេត្តសៀមរាប ទើបឈ្មួញដឹកជញ្ជូន មិនញញើតអ្វីទាំងអស់។
ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចលោកសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនគួរមើលរំលងបញ្ហា ខាងលើនេះទេ ព្រោះព្រៃឈើ ដែលនៅសេសសល់ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប កំពុងប្រឈម នឹងការបំផ្លាញ ឥតឈប់ឈរ៕

