
តាកែវៈ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្ត កាលពីយប់ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨ បានចុះទៅបង្រ្កាបផ្ទះស្តុកឈើគ្រញូងមានទម្ងន់ជិត២តោន នៅចំណុចឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ ដែលក្រុមឈ្មួញខិលខូចបម្រុងនាំទៅលក់នៅប្រទេសវៀតណាម។
លោក ង៉ែត ចាន់ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដែលបានដឹកនាំមន្រ្តីអាវុធហត្ថចុះទៅបង្រ្កាបទីតាំងស្តុកឈើគ្រញូង បានថ្លែងឲ្យដឹងថា ការចុះទៅបង្រ្កាបឈើគ្រញូងទាំងយប់នេះ គឺមានការសម្របសម្រួលនីតិវិធី ដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាខេត្តតាកែវ ដោយមន្រ្តីរបស់លោក បានធ្វើការរឹបអូសឈើគ្រញូង ដែលឈ្មួញខិលខូចបានកាត់ជាកង់ៗដាក់ក្នុងបាវស៊ីម៉ង់ប្រមាណ៨០បាវ ហើយបើគិតជាទម្ងន់ គឺជិត២តោន។ ឈើទាំងអស់នេះ ត្រូវក្រុមឈ្មួញបម្រុងនាំចេញទៅលក់នៅប្រទេសវៀតណាម។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបន្តថា ឈើគ្រញូង ដែលបង្ត្រាបបាន ត្រូវបញ្ជូនមកទុកជាបណ្ដោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីធ្វើការថ្លឹងទម្ងន់ ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញា មន្រ្តីខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត។
លោកបន្តទៀថា បន្ទាប់ពីថ្លឹងទម្ងន់រួចហើយ មន្រ្តីកងរាជអាវុធហត្ថ និងបំពេញសំណុំបែបបទបញ្ជូនទៅរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការជាបន្តទៅទៀត។ ដោយឡែកអ្នកពាក់ព័ន្ធ និងឈើគ្រញូងនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីផ្តន្ទាទោសទៅតាមច្បាប់៕






