
ភ្នំពេញៈ ប៉ូលិសខណ្ឌពោធិ៍សែនជ័យម្នាក់ ដែលចុះបង្ក្រាបទីតាំងល្បែងជល់មាន់ ហើយបានផ្ទុះអាវុធ បណ្តាលឲ្យស្លាប់បុរសម្នាក់ ត្រូវបានបញ្ជូនឡើងតុលាការ នៅរសៀលថ្ងៃទី២៣ មករា នេះដោយកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ ពីបទមនុស្សឃាតដោយអចេតនា មាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ។
យោងតាមមាត្រា២០៧នៃក្រមព្ររហ្មទណ្ឌ បទមនុស្សឃាតដោយអចេតនា ចែងថា ជាអំពើបណ្តាលឱ្យស្លាប់អ្នកដទៃ ដោយការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល។
មន្រ្តីប៉ូលិសរូបនេះឈ្មោះ ចន វិរៈ ភេទប្រុស អាយុ២៥ឆ្នាំ មានឋានន្តរសក្តិជាអនុសេនីយ៍ត្រីយ៍ បម្រើការងារនៅផ្នែកអន្តរាមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃទី២១ មករា ២០១៨ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំង និងក្រុមអ្នកញៀនល្បែងបញ្ជល់មាន់មួយកន្លែង នៅក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២។

កិច្ចបង្ក្រាបនោះសមត្ថកិច្ច បានផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ បណ្តាលឱ្យត្រូវបុរសម្នាក់កំពុងឈរពីលើផ្ទះ មើលគេលេងល្បែងបញ្ជល់មាន់ ស្លាប់ពេលកំពុងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ជនរងគ្រោះឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះឈ្មោះ ណុប ផានី បានឱ្យដឹងថា មុនពេលកើតហេតុ ប្តីនាងបាន និងកំពុងឈរពីលើផ្ទះជួល មើលគេចាប់គូបញ្ជល់មាន់នៅក្បែរផ្ទះ។ ពេលនោះស្រាប់តែមានសមត្ថកិច្ចមួយក្រុម បានចុះទៅបង្រ្កាបសង្វៀនបញ្ជល់មាន់ដុះស្លែនោះ ព្រមទាំងមានការផ្ទុះអាវុធជាច្រើនគ្រាប់ទៀតផង ស្របពេលនោះ គ្រាប់កាំភ្លើងក៏បានហោះទៅត្រូវចំប្តីរបស់គាត់២គ្រាប់ ដោយ១គ្រាប់ត្រូវបំពង់ក និង ១គ្រាប់ទៀតត្រូវចំកដៃខាងស្ដាំ។ ភ្លាមៗនោះគាត់ជាប្រពន្ធបានដឹកប្តីបញ្ជូនទៅកាន់មន្ទីរពេទ្យ តែជាអកុសលគ្រាប់កាំភ្លើងបានត្រូវប្តីគាក់ចំគោលដៅ ដែលមិនអាចសង្គ្រោះបាន ប្តីគាត់បានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវ។
ស្រី្តជាភរិយា នៃសព បានបន្តថា ទោះជាយ៉ាងនេះក្តីគាត់មិនបានដាក់ពាក្យប្តឹង ទៅលើសមត្ថកិច្ចដែលបានផ្ទុះអាវុធ បណ្តាលឲ្យប្តីរបស់គាត់ស្លាប់នោះទេ ពោលគឺមនុស្សស្លាប់ហើយប្តឹងទៅក៏មិនរស់វិញដែរ សំខាន់គឺតម្រូវការធ្វើបុណ្យជូនសពប្តីឲ្យបានសមរម្យតែប៉ុណ្ណោះទេ រឿងអ្វីៗទុកឲ្យសមត្ថកិច្ចធ្វើតាមច្បាប់។ ករណីខាងលើនេះ បើទោះជាក្រុមគ្រួសារជនរងគ្រោះមិនដាក់ពាក្យប្តឹងទាមទារសំណងរដ្ឋប្បវេណីយ៉ាងណាក្តី ក៏ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន នាំទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ដែរ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានប្រើបាស់កាំភ្លើងខ្លីម៉ាកបេរ៉េតា និងបានបាញ់ឡើងលើបង្រ្កាបក្រុមអ្នកលេងជល់មាន់ តែគ្រាប់ភ្លើងនោះបានហោះទៅចំបង្កាន់ដៃផ្ទះ បណ្តាលឲ្យផ្លាតត្រូវជនរងគ្រោះស្លាប់ ។ ក្រោយពីមរណភាពជនរងគ្រោះ គេបានសង្កេតឃើញលោក ឃួង ស្រេង អភិបាលរាជាធានីភ្នំពេញ រួមទាំងមន្ត្រីនគរបាលពាក់ព័ន្ធបាននាំយកនូវបច្ច័យមួយចំនួនធំ ទៅជូនដល់ដៃភរិយា នៃសព សម្រាប់ធ្វើបុណ្យតាមប្រពៃណី៕

