Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ ឈើធ្នង់មួយរថយន្តដំរីទឹកច្នៃដែលគេស្គាល់ថា ជាឈើរបស់មេឈ្មួញល្បីល្បាញម្នាក់ឈ្មោះ ស្នា ដោយប្រមូលទិញពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដឹកឆ្លងចូលខេត្តកំពង់ស្ពឺ តាមស្រុកឱរ៉ាល់ កាត់តាមខ្លោងទ្វារក្រុមហ៊ុន HLH ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបបាន នៅព្រឹកថ្ងៃអាទិត្យ ៥កើត​ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺតែម្តង។

តាមសម្តីមន្ត្រីកងរាជអាវុធហត្ថស្រុកឱរ៉ាល់បានឲ្យដឹងថា ដោយមានការណែនាំ និងបញ្ជាពីឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបរថយន្តដឹកឈើប្រណីតប្រភេទធ្ងង់១គ្រឿង នៅចំណុចក្នុងព្រៃបឹងខ្លុង ឃុំលន្ត្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ក្នុងនោះឃាត់ខ្លួនជនសង្ស័យ៤នាក់ និងម៉ូតូ១គ្រឿងផងដែរ។

ប្រភពដដែលបានបន្តថា ក្រុមឈ្មួញដែលរកស៊ីកាប់ឈើទាំងនោះ ស្ទាត់ជំនាញមិនងាយឲ្យសមត្ថកិច្ចដឹង និងបង្ក្រាបបាននោះឡើយ។ ជាញឹកញាប់ ពួកគេតែងធ្វើសកម្មភាពក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងលួចលាក់ដឹកឆ្លងកាត់តាមតំបន់ព្រំប្រទល់មួយផ្នែក នៃខេត្តកំពង់ស្ពឺនាពេលយប់។ អ៊ីចឹង រាល់ការបង្ក្រាប តែងមានឧបសគ្គរារាំង ដែលពេលខ្លះក្រុមឈ្មួញមានបំណងប្រើហិង្សាមកលើកងកម្លាំងផងដែរ ។

ប្រភពពីមន្ត្រីនគរបាលស្រុកមួយរូបបានបង្ហើបឲ្យដឹងថា ឈើប្រណីតប្រភេទធ្នង់១រថយន្តពេញខាងលើនេះ ជារបស់មេឈ្មួញដ៏ធំ ប្រចាំតំបន់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ដែលគេស្គាល់ឈ្មោះ វាសនា រដ្ឋាណា ហើយជននេះ ទើបតែចេញពីពន្ធនាគារថ្មីៗ ហើយការដឹកជញ្ជូនឈើឆ្លងកាត់មកបាននេះ គឺក្រុមឈ្មួញបានឃុបឃិតជាមួយមន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភ្នំក្រវ៉ាញ និងខេត្តពោធិ៍សាត់ មិនថាជំនាញអ្វីនោះទេ គ្រប់ទាំងអស់ លើកលែងតែស្ថាប័នគ្រូបង្រៀន និងពេទ្យប៉ុណ្ណោះ។

ប្រភពបន្តថា មេឈ្មួញឈ្មោះ ស្នា នេះ បានបញ្ជាកូនចៅដើរទិញឈើពីអ្នកចូលកាប់ក្នុងព្រៃ គឺប្រមូលទិញទាំងអស់ បើខុសពីកូនចៅលោក ស្នា គឺជំនាញធ្វើការបង្ក្រាបតែម្តង ដោយសារតែមានមេឈ្មួញម្នាក់ទៀតឈ្មោះ ស៊ី សរ ជាអ្នកទម្លាក់លុយឲ្យ។

ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភ ដោយសារតែខ្លាចព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺវិនាសហិនហោច បើថ្នាក់លើគ្មានការចុះទប់ស្កាត់ទេនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor