Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សំណុំរឿងក្ដីសង្វៀនមាន់ជល់នៅឃុំអរិយក្សត្រ​ ខេត្តកណ្ដាល ដែលធ្វើឲ្យ​តុលាការខេត្តមួយនេះល្បី ដោយសារដីកាសម្រេចធ្វើឃាតមាន់ជល់ចំនួន៩២ក្បាល កាលពីពេលថ្មីៗនេះ ត្រូវបានប្រភពច្បាស់ការមួយបញ្ជាក់ថា លោកចៅក្រមស៊ើបសួរបានបិទការស៊ើបសួរ រួច ហើយនឹងបញ្ជូនទៅជំនុំជម្រះឆាប់ៗនេះ។

ប្រភពព័ត៌មានពីសាលាដំបូងខេត្តកណ្ដាល បានឲ្យ​ដឹងថា លោក​ ហុក​ វ៉ាន់ធីណា​ ប្រធានសាលាដំបូងខេត្តកណ្តាល​ ដែលជាចៅក្រមស៊ើបសួរ​នៅក្នុងសំណុំរឿងសង្វៀនជល់មាន់នៅក្នុងឃុំអរិយក្សត្រ បានសម្រេចបិទការស៊ើបសួរ និងបញ្ជូនសំណុំរឿងរបស់ឈ្មោះ ថៃ​ ផានី​ ហៅម៉ាប់អូស្ត្រាលី​ មកចៅក្រមជំនុំជម្រះ ដើម្បីចាត់ការបន្ត។

ជនត្រូវចោទ​ឈ្មោះ ថៃ​ ផានី​ ហៅម៉ាប់អូស្ត្រាលី​ ត្រូវបានចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ​ខេត្តកណ្ដាលកាលពីថ្ងៃទី០៥​ ខែធ្នូ​ ឆ្នាំ២០១៧​ ក្រោមការចោទប្រកាន់ពីបទ បើកលេងល្បែងស៊ីសងខុសច្បាប់ តាមមាត្រា៥ ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។

បទចោទប្រកាន់នេះ​បានកំណត់ឲ្យ​ផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិនិយជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល​។

សូមបញ្ជាក់ថា សង្វៀនជល់មាន់នៅឃុំអរិយក្សត្រ ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីថ្ងៃទី ០៤ ធ្នូ ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ដោយមានការឃាត់អ្នកញៀនល្បែងជល់មាន់ជាង១០០នាក់ ប៉ុន្តែត្រូវបានដោះលែងមួយចំនួន នៅសល់៦១នាក់រួមទាំងឈ្មោះ ថៃ ផានី ។ នៅថ្ងៃទី៥ ធ្នូ ចៅក្រមតុលាការខេត្តកណ្ដាលបានជំនុំជម្រះ​ផ្ទាល់អ្នកញៀនល្បែងមាន់ជល់ចំនួន៦០នាក់ ដោយផ្ដន្ទាទោស១ខែ តែទោសនេះត្រូវព្យួរ ហើយពួកគេត្រូវបានដោះលែងអោយមានសេរីភាពវិញ លើកលែតែឈ្មោះថៃ ផានី ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្ដាលដើម្បីបើកការស៊ើបអង្កេត។

ចំណែករថយន្តទំនើបៗ និងម៉ូតូរាប់រយគ្រឿងដែលបានជាប់ឃុំនៅស្នងការដ្ឋាននគរបាលខេត្តត្រូវបានគេរត់ការយកចេញវិញជិតអស់ហើយ ដោយម្ចាស់យានយន្តនិមួយៗលះបង់លាភសក្ការៈមិនតិចតួចទេដើម្បីរំដោះយានយន្តទាំងនោះ។

បន្ទាប់មកកាលពីពេលថ្មីៗនេះ ចៅក្រមសាលាដំបូងខេត្តកណ្ដាលបានចេញដីកាសម្រេចអោយសមត្ថកិច្ចខេត្តកណ្ដាលប្រហាជីវិតពួជមាន់ជល់ចំនួន៩២ក្បាល ដែលរឹបអូសពីសង្វៀនជល់មាន់នោះ។ ការសម្រេចប្រល័យពូជមាន់ជល់៩២ក្បាលនោះ បានធ្វើឲ្យ​ចៅក្រមតុលាការខេត្តកណ្ដាល រងការរិៈគន់មិនតិចទេ ពីស្រទាប់មហាជននានា ព្រោះថា មាន់ជល់ទាំងនោះ មិនដឹងខ្យល់អ្វីទាល់សោះ មនុស្សតើ ជាអ្នកប្រព្រឹត្តខុស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor