Sponsor
រិទ្ធី

លោក អ៊ូច​ ឡេង ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF) និង​ជា​សកម្មជន​ព្រៃឈើ​ម្នាក់ដែល​បាន​ចំណាយពេលជាង​២០ឆ្នាំក្នុង​ការការពារព្រៃឈើ​ ថ្លែងថាឈ្មួញបានដឹកឈើចេញពីខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ កំពង់ស្ពឺ កំពង់ធំ និងខេត្តផ្សេងទៀត មានប្រហែលជា២០រថយន្តយីឌុក ក្នុងមួយម៉ោង ស្ទើរជារៀង​រាល់ថ្ងៃ ​ ចាប់ពីខែ១១ ឆ្នាំ២០១៧ ដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នេះ ដោយក្នុងមួយរថយន្តមានឈើប្រហែល ៦០ទៅ៧០ម៉ែត្រគូប។

ចំណែក លោក ហឿន សុភាព ប្រជាសហគមន៍ព្រៃឡង់ប្រចំាខេត្តកំពង់ធំ បានឲ្យដឹង​ដែរថា​​ នៅខេត្តកំពង់​ធំឈ្មួញ​បាន​ដឹក​ឈើក្នុ​ងមួយ​ថ្ងៃ ៥​ទៅ១០គោយន្ត ដោយ​មិនខ្លាច​អាជ្ញាធរនោះទេ។ ករណីនេះលោកថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព បាន ​លុះត្រាតែរដ្ឋាភិបាលអនុវត្តច្បាប់​ឲ្យស្មើភាពគ្នា រវាងអ្នកមាន និងក្រ។

រីឯ លោក ស្រី ថី ប្រជាសហគមន៍ព្រៃឡង់ ប្រចំាខេត្តព្រះវិហារ បានអះអាងថានៅក្នុងខេត្តព្រះវិហារ បទល្មើស​ព្រៃឈើ​បន្តកើន​ឡើងជា​ងឆ្នំាមុ​នៗ​៧០​ភាគរយ ដោយថាក្នុងមួយថ្ងៃឈ្មួញដឹកតាមរថយន្តសំាយ៉ុង និងរថយន្តការ៉េ ជារៀង​រាល់ថ្ងៃ​ ដោយលោកថាទំនងជាអាជ្ញាធរ​ឃុបខិត​បើក​ដៃឲ្យ​ឈ្មួយ នឹងប្រព្រឹត្តអំពើពុករលួយជាដើម​ ទើបធ្វើឲ្យបទល្មើសនៅតែបន្តកើនឡើងបែបនេះ​។​

ពលរដ្ឋ​រស់​នៅ​ខែត្រ​មណ្ឌលគិរី និង​អ្នក​ឃ្លាំមើល​បរិស្ថាន អះអាង​ថាឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​អ្នក​មាន​ឥទ្ធិពល​មួយ​ចំនួន​នៅ​តែ​បន្ត​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​យីឌុប ទៅ​កាន់​ប្រទេស​វៀតណាម រឹត​តែ​ច្រើន​ឡើង បើ​ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អភិបាល​ខែត្រ​មួយ​ចំនួន​បិទ​ការ​នាំ​ឈើ​ទៅ​ក្រៅ​ប្រទេស​ក្តី។ ឈើ​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​នោះ មាន​ប្រភព​ពី​តំបន់​ព្រៃ​អភិរក្ស​ភ្នំ​ព្រិច ខែត្រ​មណ្ឌលគិរី និង​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ក្នុង​ខែត្រ​ស្ទឹងត្រែង។

ករណីនេះ លោក ឡេង យល់ថា វិធានការរបស់​រដ្ឋាភិបាល លើបញ្ហា​ទប់ស្កាត់បទល្មើសព្រៃឈើ និងនាំឈើ​ទៅក្រៅ​ប្រទេស​នោះ ហាក់​មិន​មាន​ប្រសិទ្ធិ​ភាព​នោះទេ​​។

កាលពីថ្ងៃទី​២៣​ ខែមករា ឆ្នាំ២០១៨ នេះ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​មន្ដ្រី​ក្រោម​បង្គាប់ បិទ​ឲ្យ​អស់​ច្រក​របៀង ដោយថាដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ឆ្លង​ដែន​ខុស​ច្បាប់​គ្រប់​ប្រភេទ​។

នៅថ្ងៃ​ទី​២៣​មករានោះដែរ​ អភិបាល​ខេត្ត​ត្បូង​ឃ្មុំ លោក លី ឡេង បាន​ប្រាប់​ទៅ​កាន់មន្ដ្រី​​ក្រោម​បង្គាប់​របស់​ខ្លួន ដោយ​ហាម​​មិន​ឲ្យ​មាន​ច្រក​របៀង​​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ឡើយ​។ បទ​បញ្ជា​របស់​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​ដូច្នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ស្ដី​​បន្ទោស និងព្រមាន​ដក​ចេញ​ពី​តំណែង ប្រសិនបើ​នៅ​តែ​កើត​មាន​បទ​ល្មើស​ឆ្លង​ដែន ពិសេស​បទ​ល្មើស​ព្រៃ​ឈើ ឆ្លង​ទៅ​កាន់​ប្រទេស​​​​វៀតណាម តាម​ច្រក​ត្បូង​ឃ្មុំ​ទៀត​នោះ​។

គួររំលឹកថា កាល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ រដ្ឋាភិបាល​បានសម្រេច​បង្កើត​គណៈកម្មកា​រ​ជាតិទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ព្រៃឈើ​ ​ ដែលាមាន ​លោក សៅ សុខា ​ជា​ប្រធាន​គណៈ​កម្មការ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor