
ភ្នំពេញៈ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងទទួលចែកចាយបោះដុំ និងរាយគ្រប់ផលិតផលថែរក្សាសម្រស់ អាហារបំប៉នឲ្យស្បែកស និង Make Up គ្រប់ប្រភេទ ដែលនាំចូលពីប្រទេសថៃ ដែលមានយីហោរ ពេជ្រនិច ប៊ីយូធី (Pic_Nic_Beauty) ។
ការចុះប្រតិបត្តិការ សមត្ថកិច្ចធ្វើឡើងនៅរសៀលម៉ោង៤ និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៩កើត ខែមករា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៦៤ដេ ក្រុម១៧ ភូមិ៧ ផ្លូវលេខ២៥៧ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងពេលចុះត្រួតពិនិត្យ ម្ចាស់ទីតាំងបានហាមអ្នកសារព័ត៌មានមិនឲ្យថតធ្វើការផ្សព្វផ្សាយឡើយ ទោះហេតុការណ៍នេះកំពុងធ្វើឲ្យមហាជនមានចម្ងល់ ព្រោះឃើញមានកម្លាំងនគរបាលចេញចូលត្រួតពិនិត្យផលិតផលថែរក្សាសម្រស់ពីប្រទេសថៃ និងកូរ៉េ។

នៅពេលអ្នកសារព័ត៌មានព្យាយាមផ្តិតយករូបភាពយកមកធ្វើការផ្សព្វផ្សាយអំពីការងារគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ លោកនគរបាលម្នាក់បានចេញមកស្តីឲ្យ និងហាមឃាត់មិនឲ្យធ្វើការផ្សព្វផ្សាយ ព្រមទាំងគំរាមប្តឹង និងឲ្យខាងម្ចាស់ទីតាំងប្តឹងទៀត។

យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា ក្នុងកម្មវិធីជួបអ្នកសារព័ត៌មានប្រចាំឆ្នាំលើកទី២ថា អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋ៕



