
ភ្នំពេញៈ កម្មករសំណង់២នាក់ បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត ឡិចស៊ីស១គ្រឿង ក្នុងទិសដៅស្របទិសគ្នា ខណៈរថយន្តកំពុងបត់នៅខាងមុខចំពេញទំហឹង បណ្តាលឲ្យរបួសបែកមុខបែកមាត់ទាំង២នាក់។ ចំណែករថយន្តបានផ្ទុះបែកកង់មុខខាងឆ្វេងយ៉ាងដំណំ។ តែយ៉ាងណា ដោយសារក្ដីសណ្ដោះចំពោះភាពខ្វះខាតរបស់ភាគីម៉ូតូបង្កហេតុ ម្ចាស់រថយន្តមិនឲ្យជនបង្កចេញសងថ្លៃខូចខាតរថយន្តដ៏ច្រើននេះឡើយ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖៤៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចស្តុបកែងមន្ទីរពេទ្យកាល់ម៉ែត តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ១គ្រឿង ម៉ាក Nex ពណ៌សលាយខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1F-7345 បើកបរដោយឈ្មោះ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់។ ទាំង២នាក់ រងរបួសបែកមុខបែកមាត់។ ប្រភពបន្តថា ដោយសារភាគីម៉ូតូបើកបរក្នុងល្បឿនលឿន ហើយមិនគោរពស្តុប និងមិនពាក់មួកសុវត្ថិភាពទៀតនោះ លុះដល់ចំណុចកើតហេតុ បានជ្រុលបុកចំពីចំហៀងមុខផ្នែកខាងឆ្វេងរថយន្តម៉ាក LEXUS GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-5945 បើកបរដោយបុរសចិត្តល្អម្នាក់ អាយុប្រហែល២៦ឆ្នាំ។

បន្ទាប់ពីកើតហេតុភ្លាមនោះ ម្ចាស់រថយន្តបានឲ្យយុវជនទាំង២នោះ សង់ថ្លៃខូចខាតចំនួន៦០០ដុល្លារ។ គ្រាន់តែឮដូច្នេះភ្លាម យុវជនម្នាក់ ទន់ជង្គង់ស្រក់ទឹកភ្នែក ហើយស្រែកយំអាណិតខ្លួន មិនដឹងបានលុយពីណាយកមកសងគេ។ មួយសន្ទុះក្រោយមក យុវជនម្នាក់នោះ បានដើរបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរ រួចក៏លត់ជង្គង់ ហើយលើកដៃសំពះសុំទោសម្ចាស់រថយន្តខាងលើ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ចោមរោមយ៉ាងខ្លាំង។ ស្រាប់តែម្ចាស់រថយន្តមានចិត្តអាណិត ទប់អារម្មណ៍មិនបាន ក៏បាននិយាយថា បានហើយងើបឡើងមក ហើយទៅផ្ទះវិញចុះ និងបាននិយាយអប់រំណែនាំយុវជនទាំង២នាក់នោះ ឲ្យជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវផង កុំធ្វេសប្រហែសដូចលើកនេះទៀត។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានទាក់ទងសាច់ញាតិមកកន្លែងកើតហេតុ ដើម្បីយកកង់រថយន្តមកផ្លាស់ និងយករថយន្តទៅជួសជុលដោយខ្លួនឯង៕









