
មណ្ឌលគិរីៈ កូនដំរី១ក្បាលបានងាប់ នៅជាប់ក្នុងពំនូកដីត្រឹមពាក់កណ្ដាលខ្លួន ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃ៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ការចេកក្បែរប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរជុំ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។
យោងតាមហ្វេសប៊ុករបស់មន្ទីរបរិស្ថានខែត្តមណ្ឌលគិរី បានស្រង់សម្ដីលោក ឌិន ប៊ុនធឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកបានចុះទៅពិនិត្យមើលផ្ទាល់។ លោកថ្លែងថា កូនដំរី១ក្បាលនេះ មានអាយុប្រមាណ១ឆ្នាំ បានងាប់ត្រឹមពាក់កណ្ដាលខ្លួន គឺជើងក្រោយទាំង២ គៀបជាប់នៅក្នុងរណ្ដៅដីដែលមានទំហំ១ម៉ែត្រ និងមានជម្រៅ០,៧០ម៉ែត្រ។
លោកបានបញ្ជាក់ថា កូនដំរី១ក្បាលនេះ ប្រហែលជាទើបតែងាប់នៅយប់មិញនេះ ហើយឃើញមានស្នាមកាយដីកប់ដោយមេរបស់វា។ លោកថា បច្ចុប្បន្នកូនដំរី១ក្បាលនេះ ក្រុមការងារដែនជម្រកសត្វព្រៃកែវសីមា បានរៀបចំយកសាកសពសត្វដំរី១ក្បាលនេះ ទៅក្រសួងបរិស្ថានដើម្បីរក្សាទុកសំណាក៕

