
ភ្នំពេញៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះហៅលោក ជា មុន្នី អតីតប្រធានសហភាពសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា ឱ្យចូលខ្លួនមកសាលាដំបូងក្នុងនាមជនសង្ស័យ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីឆ្លើយដោះសារសម្រាលបន្ទុកក្នុងរឿងក្ដីព្រហ្មទណ្ឌ ដែលប្ដឹងដោយសមាគមសហជីពចំនួន១២០។
លោក ដារ៉ា សុបញ្ញា និង លោក កេតុ សុវណ្ណឌី ជាមេធាវីតំណាង ដោយអាណត្តិរបស់សហជីពធំៗចំនួន១២០ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ បានចូលបំភ្លឺចំពោះមុខព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលប្តឹងលោក ជា មុន្នី ពីបទញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា ។
បណ្តឹងនេះក្រុមសហជីពទាំង១២០ បានស្នើឱ្យតុលាការផ្តន្ទាទោស លោក ជា មុនី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួនមួយលានដុល្លារសហរដ្ឋអាមេរិក។
បណ្ដឹងព្រហ្មទណ្ឌនោះ បានធ្វើឡើងបន្ទាប់ពីលោក ជា មុនី បានលើកឡើងដោយស្នើ ទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកអោយដាក់ ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ លោក ជា មុនី បានបង្ហាញការរំពឹងតាមរយៈវិទ្យុបរទេសមួយថា បើសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងរងគ្រោះ ហើយងាកមករកផ្លូវចរចាបញ្ចប់វិបត្តិនយោបាយជាមួយគណបក្សប្រឆាំង៕
