
បន្ទាយមានជ័យៈ យុវជនម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននឹងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីរូបគេបានប្រទូស្តកេរ្តិ៍ខ្មាសលើនារីម្នាក់។
លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឃាត់ខ្លួនយុវជនខាងលើ គឺយោងតាមបណ្តឹងរបស់ឈ្មោះ ខន រ៉ានី ភេទ ស្រី អាយុ២៧ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិកូនដំរី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលបានចោទប្រកាន់លើឈ្មោះ ទី រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានឱបថើបលួងលោមសុំរួមភេទ ប្រទូស្តកេរ្តិ៍ខ្មាសរបស់នាង ប្រព្រឹត្តកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅចំណុចក្នុងព្រៃមាត់អូរ ក្រោមស្ពានច្រកអន្តរជាតិព្រំប្រទល់កម្ពុជា-ថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា បន្តថា ក្រោយធ្វើសកម្មភាពជនសង្ស័យបានគេចខ្លួនបាត់ តែដោយកំណត់បានមុខសញ្ញា និងក្រោមការស្រាវជ្រាវ កម្លាំងបានឃាត់ខ្លួននៅរសៀលថ្ងៃទី៧ខែមករា ឆ្នាំ២០១៨ ពេលដែលយុវជនសង្ស័យវិលមកកន្លែងកើតហេតុវិញ ដើម្បីនាំទំនិញឆ្លងដែន។

លោកអនុសេនីយ៍ឯក បន្តទៀតថា បន្ទាប់ពីឃាត់ខ្លួន យុវជនបានសារភាពថា ពួកគេទាំងពីរនាក់ ជាកម្មករស្ពាយទំនិញឆ្លងដែនទៅថៃដូចគ្នា។ ពួកគេមានចិត្តលើគ្នាយូរមកហើយ តែនៅថ្ងៃកើតហេតុដែលខ្លួនលួងលោម អត់ដឹងថា នាងប្រកែកនោះទេ។

សូមបញ្ជាក់ផងដែរថា យុវជនរូបនេះ ត្រូវបានសមត្ថកិច្ចរកឃើញមានជាប់សារធាតុញៀនក្នុងខ្លួន។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ជនសង្ស័យ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តរួចហើយនៅព្រឹកថ្ងៃទី៩ ខែមករានេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕