
កាលពីម្សិលមិញ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅបរទេសបាននិយាយពីជម្រើសរបស់លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ។
តាមយោបល់លោក សម រង្ស៊ី ជម្រើសមួយណាក៏ដោយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគឺ រៀបចំការបោះឆ្នោតដោយមាន ឬដោយគ្មានវត្តមានគណបក្សសង្គ្រោះជាតិ នឹងនាំមកនូវហានិភ័យយ៉ាងច្បាស់ដល់អំណាចរបស់គណបក្សប្រជាជនកម្ពុជា។
លោក សម រង្ស៊ី បាននិយាយថា លោក ហ៊ុន សែន មានជម្រើសតែពីរគត់ ៖
ទីមួយ បោះឆ្នោតក្លែងក្លាយ ដោយគ្មានការចូលរួម ពីគណបក្សប្រឆាំងយ៉ាងពិតប្រាកដតែមួយគត់ ហើយពេលនោះនឹងបាត់បង់ភាពស្របច្បាប់លើឆាកអន្តរជាតិ គួបផ្សំទៅនឹងផលវិបាកកាន់តែធ្ងន់ធ្ងរទៅៗ។
ទីពីរ រៀបចំការបោះឆ្នោតមែនទែន ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ហើយពេលនោះ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នឹងចាញ់ឆ្នោតតែម្តង។
ទោះបីជាយ៉ាងណា សម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា គណបក្សសង្រ្គោះជាតិគ្មានថ្ងៃរស់ឡើងវិញឡើយ ហើយទោះមានឬគ្មានបក្សប្រឆាំង ក៏កម្ពុជានៅតែអាចរៀបចំការបោះឆ្នោតនៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
