
ភ្នំពេញៈ ទីតាំងបនល្បែងស៊ីសងលុយខ្ទង់ម៉ឺនដុល្លារ បានបើកដំណើរការយ៉ាងរលូន នៅក្នុងអគារចាស់ក្រោយអគ្គិសនីកម្ពុជា ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣កែងនិងផ្លូវលេខ៩០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មិនមានការបង្រ្កាបពីសំណាក់សមត្ថកិច្ចខណ្ឌដូនពេញឡើយ ឬមួយក៏សមត្ថកិច្ចត្រូវដងត្រូវផ្លែជាមួយមេបនល្បែងទាំងនោះ ទើបមិនមានការអើពើបង្ក្រាបយ៉ាងដូច្នេះ។
តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងអគារចាស់នោះ បានឲ្យដឹងថា ពួកគាត់តែងតែឃើញមនុស្សក្មេងចាស់ប្រុសស្រី ខ្លះជិះរថយន្ត ខ្លះជិះម៉ូតូ ចេញចូលមិនដែលដាច់ទេ។ ហើយជាពិសេស ពួកគាត់ឃើញទាំងសមត្ថកិច្ចចេញចូលថែមទៀតផង ប្រហែលជាចូលយកថ្លៃការពារបនល្បែងទាំងនោះក៏មិនដឹង។
បើទោះបីជាទីតាំងនេះ បានបើកជ្រកនៅក្នុងទីតាំងអគារចាស់ក្រោយអគ្គិសនីកម្ពុជា និងមានលក្ខណៈលាក់លៀមយ៉ាងណាក៏ដោយ គួរតែខាងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធចុះពិនិត្យជាក់ស្តែង ដើម្បីឈានដល់ការបង្ក្រាប និងលុបបំបាត់ស្របតាមការណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលសាលារាជធានីភ្នំពេញ។ ព្រោះទីតាំងបនល្បែងអស់ទាំងនេះសុទ្ធតែផ្តើមបង្កើតឲ្យមានបទល្មើសលួច ឆក់ ប្លន់ ក្នុងសង្គម។
ដូច្នេះប្រជាពលរដ្ឋ រង់ចាំមើលវិធានការរបស់ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌដូនពេញ ថាតើហ៊ានបង្ក្រាបទីតាំងបនល្បែងបៀរអាប៉ោង ដែលបានបើកដំណើរការយ៉ាងរលូន នៅក្នុងអគារចាស់ ក្រោយអគ្គិសនីកម្ពុជាដែរទេ៕
