
បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ លោក ជា សុផារ៉ា បានសរសេរលិខិតផ្លូវការទៅអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយស្នើក្នុងន័យដកប្រធានការិយាល័យដែនដី នគរូបនីយកម្មនិងសំណង់ ខណ្ឌប្ញស្សីកែវលោក ប៊ុន ឡុង តាំងពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ មកម៉្លេះ ក៍គេឃើញលោក ប៊ុន ឡុង នៅបន្តការងាររហូតមកទល់នឹងពេលនេះ ហើយក៍មិនដឹងថា មានមូលហេតុអ្វីនោះដែរ បានជាលោក ប៉ា សុជាតិវង្ស ដែលពេលនោះនៅកាន់តំណែងអភិបាលរាជធានីភ្នំពេញនៅឡើយ មិនដកលោកប្រធានការិយាល័យដែនដី នគរូបនីយកម្ម និងសំណង់រូបនេះ តាមសំណើលោករដ្ឋមន្ត្រីនោះទេ ។
ហើយនៅមុននេះបន្តិចម៉ោង០៧ និង១៣នាទីយប់ថ្ងៃទី ២៥ មករា ឆ្នាំ២០១៨ នេះ តាមរយៈគណនីហ្វេសប៊ុក លោក ផែង វណ្ណៈក៍បានប្រតិកម្មខ្លាំងៗផងដែរថា៖
ខ្ញុំសុំទោសឯកឧត្ដមម្នាក់ដែលនៅក្បែថ្នាក់ដឹកនាំកំពូលទូរស័ព្ទអន្តរាគមន៍មកខ្ញុំអោយឈប់កុំបន្តសរសេរព័ត៌មានពាក់ព័ន្ធនឹងលោក ប៊ុន ឡុង ប្រធានសូរិយោដីខណ្ឌឬស្សីកែវ ដែលឯកឧត្ដមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ស្នើសុំអោយដូរនោះ ព្រោះគាត់បានសុំអន្តរាគមន៍ទៅ ឯកឧត្តម ជា សុផារ៉ា អោយរក្សាទុកតួនាទីលោក ប៊ុន ឡុង រួចហើយ ។
ខ្ញុំបាទសូមប្រកាសជំហរដាច់ខាតរបស់ខ្ញុំថា ខ្ញុំមិនអាចបញ្ឈប់ការផ្សាយព័ត៌មានអំពីរឿងនេះបានទេ ទោះឯកឧត្ដមចង់គំរាមខ្ញុំយ៉ាងណាក៏ដោយ ។ ខ្ញុំផ្សាយតែព័ត៌មានពិតដែលមានឯកសារយោងត្រឹមត្រូវ បើគ្មានឯកសារដោយគ្រាន់តែពាំនាំពាក្យរបស់អ្នកធំមកប្រាប់ខ្ញុំ ខ្ញុំមិនអាចទទួលយកបានទេ ។ បើសិនជាមានលិខិតរបស់ ឯកឧត្តម ជា សុផារ៉ា ចេញថ្មីបដិសេដលិខិតលេខ ០៤៥ ចុះថ្ងៃទី ៤ មករា ឆ្នាំ ២០១៧ ខ្ញុំនឹងផ្សាយជូនភ្លាម ។
ប្រជាពលរដ្ឋរងគ្រោះច្រើនណាស់អំពីបញ្ហាដីធ្លីនៅខណ្ឌឬស្សីកែវ បើនៅតែអោបក្រសោបស៊ុំគ្រលុំការពារមន្ត្រីខិលខូច ទោះបីថ្នាក់ដឹកនាំកំពូលខិតខំយ៉ាងណាក៏មិនអាចឆកយកបេះដូងរាស្ត្របានដែរ ។
ខ្ញុំចង់បញ្ជាក់ថា Facebook របស់ខ្ញុំ មិនស្ថិតនៅក្រោមបុគ្គលណាទេ គឺខ្ញុំលេងដោយឯករាជ្យ ដូច្នេះសូមកុំអន្តរាគមន៍រឿងខុសឆ្គងមកខ្ញុំ ខ្ញុំមិនទទួលទេ ។

