
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា កម្ពុជា បាន និងកំពុងទទួលរងឥទ្ធិពលខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ខ្សោយពីប្រទេសចិន។ ឥទ្ធិពលទាំងពីរនេះ នឹងបង្កឲ្យកម្រិតសីតុណ្ហភាពអប្បបរមាធ្លាក់ចុះជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១០ ខែមករា ជាពិសេសចាប់ពីថ្ងៃទី១២-១៥ ខែមករា ឆ្នាំ២០១៨។ យ៉ាងណា ក្រសួងបញ្ជាក់ហើយថា ការចុះត្រជាក់នៃធាតុអាកាសជាលើកទី៣នេះ មិនត្រជាក់ខ្លាំង ដូចជាការចុះត្រជាក់លើកទី២ នោះទេ។
ក្រសួងដដែលនេះ បញ្ជាក់យ៉ាងដូច្នេះថា យោងតាមការព្យាករ សីតុណ្ហភាពអប្បបរមា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមករា នឹងធ្វើឲ្យតំបន់ជួយភ្នំដងរែក សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់១៤អង្សាសេ ខណៈបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ ព្រះវិហារ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៦-១៨អង្សាសេ។ រីឯបណ្ដារាជធានីខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះនៅក្នុងរង្វង់ពី១៩-២១អង្សាសេ លើកលែងតែបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ដែលមានសីតុណ្ហភាពអប្បបរមា នឹងស្ថិតក្នុងរង្វង់ពី២៣-២៤អង្សាសេ។ នេះបើយោងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨៕
