Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់គណៈកម្មការប្រមូលបច្ច័យបុណ្យសពបណ្ឌិត កែម ឡី ពីបទរំលោភលើទំនុកចិត្តតាមមាត្រា៣៩១ និងមាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនសំណុំរឿងទៅឲ្យ​ចៅក្រមចាត់ការបន្តតាមនីតិវិធី។

ក្រុមគណៈកម្មការប្រមូលបច្ច័យបុណ្យសព ដែលតុលាការបានចោទប្រកាន់រួមមាន ទី១ ព្រះសង្ឃ ប៊ុត ប៊ុនតិញ អាយុ៣៧ឆ្នាំ មានលំនៅស្ថានផ្ទះលេខ ២៣៧ ផ្លូវលំ៦៨០ ក្រុម១៦ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ២ ឈ្មោះ ប៉ា ងួនទៀង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិទ្រា ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជានាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីផ្សព្វផ្សាយឯករាជ្យ។ ៣ ឈ្មោះ សឿន តុលា ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅលេខ ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស។

យោងតាមឯកសារដីកាបញ្ជូនរឿងឲ្យស៊ើបសួររបស់តំណាងអយ្យការបានបញ្ជាក់ថា កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៦ ម្ដាយនិងប្រពន្ធលោក កែម ឡី បានប្រគល់សិទ្ធិតំណាង ដោយអាណត្តិក្នុងការធ្វើជាគណៈកម្មការគ្រប់គ្រងថវិកាបុណ្យសពលោកបណ្ឌិត កែម ឡី ទៅឲ្យ​ឈ្មោះ ប៊ុត ប៊ុនតិញ មឿន តុលា និង ប៉ា ងួនទៀង ជាអ្នកទទួលខុសត្រូវនៅថ្ងៃបុណ្យគម្រប់ខួប១០០ថ្ងៃ គឺនៅថ្ងៃទី ១៤ ១៥ ១៦ តុលា ឆ្នាំ២០១៦ ។ រហូតដល់ថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ ឈ្មោះ ពេជ្រ ស្រស់ ដែលជាអ្នកគាំទ្របណ្ឌិត កែម ឡី បាននាំយកបច្ច័យចំនួន៣លាន២ម៉ឺនរៀលជូនក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី  ពេលនោះក្រុមគ្រួសារសពបានរៀបរាប់ពីទុក្ខលំបាករបស់ពួកគាត់ថា បច្ច័យដែលគណៈកម្មការប្រមូលពីសប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេសដើម្បីធ្វើចេតិយ មកដល់ពេលនេះពួកគាត់មិនបានទទួលមួយរៀលណាទេដែលសរុបទៅបច្ច័យនេះមិនតិចជាង៣០ម៉ឺនដុល្លារទេ ដោយពួកគាត់បានទទួលផ្ទាល់ពីប្រជាពលរដ្ឋចំនួន៦០០០ដុល្លារ និងពីសម្ដេចតេជោហ៊ុន សែន ចំនួន៥ម៉ឺនដុល្លារ និងពីលោកពេជ្រ ស្រស់ចំនួន៣លាន២ម៉ឺនរៀលប៉ុណ្ណោះ។

អំពើខាងលើនេះជាបទល្មើសរំលោភលើទំនុកចិត្តប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៦ តាមបញ្ញមាត្រា៣៩១ មាត្រា៣៩២ នៃក្រមព្រហ្មទ័ណ្ឌរបស់ឈ្មោះ ប៊ុត ប៊ុនតិញ ឈ្មោះ មឿន តុលា និងឈ្មោះ ប៉ា ងួនទៀង។ សម្រេចបើកការសើបសួរលើអង្គហេតុខាងលើនេះ និងដាក់ឲ្យ​ស្ថិតក្រោមការត្រួតពិនិត្យលើជនទាំង៣នាក់ពីបទរំលោភលើទំនុកចិត្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor