Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ សត្វដំរីព្រៃមួយក្បាល ដែលមានដើមកំណើតនៅក្នុងប្រទេសថៃ បានរត់ ឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា បានបង្កនូវភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅយ៉ាងសុខសាន្ត និងខ្លះទៀតកំពុងសម្រាកយ៉ាងលង់លក់ទៅហើយ ខណៈដែលសត្វដំរីទាំងនេះ បានលុកលុយមកដល់ទីប្រជុំជនក្បែខ្សែបន្ទាត់ព្រំដែន ។

ប្រភពមួយចំនួន បានឲ្យដឹងថា ការភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង៩ យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ដោយសារតែមានប្រជាពលរដ្ឋមួយចំនួន បានឃើញសត្វដំរីព្រៃដ៏ធំមួយក្បាលនេះ បានធ្វើដំណើរឆ្លងអូរព្រំដែន ចូលមកក្នុងទឹកដីកម្ពុជា។

យោងតាមប្រភពពីប្រទេសថៃ បានឲ្យដឹងថា សត្វដំរីមួយក្បាលនេះ គឺបានដើរចេញ ពីតំបន់អភិរក្សសត្វព្រៃ «អាងឬណៃ» ក្នុងខេត្តឆៈឈើងសៅ ប្រទេសថៃ ដោយបាន ធ្វើដំណើរមកឈប់នៅក្នុងភូមិសាស្ត្រ ភូមិ៧ ឃុំបានថាប់ព្រីក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលមានចម្ងាយពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រមាណជាង១គីឡូម៉ែត្រប៉ុណ្ណោះ។

នៅពេលនោះដែរ គឺជាពេលយប់ កម្លាំងក្រុមអភិរក្សសត្វព្រៃ បានកៀងគរអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ឲ្យយកត្រាក់ទ័រប្រមាណជាង១០គ្រឿង មកដាក់ពង្រាយដើម្បីស្ទាក់មុខកុំឲ្យសត្វដំរីមួយក្បាលនេះ ឆ្លងដែនចូលទៅក្នុងទឹកដី នៃប្រទេសកម្ពុជា ប៉ុន្តែនៅទីបំផុតដំរីដ៏ឆ្លាតបានដើរវាងចូលទោក្នុងចម្ងារអំពៅរបស់អ្នកស្រុក ហើយបានរត់ឆ្លងមកកម្ពុជាទាល់តែបាន ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់។ ទាំងអាជ្ញាធរថៃ ក៏ដូចជាអាជ្ញាធរកម្ពុជា ពិសេស គឺកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅក្នុងតំបន់ខាងលើ បានប្រកាស់ដល់ប្រជាពលរដ្ឋឲ្យនាំគ្នាបង្កើតជាភ្នក់ភ្លើង ដើម្បីដុតបំភ្លឺ ដែលអាចធ្វើឲ្យសត្វដំរីព្រៃមួយក្បាលនេះ ខ្លាចភ្លើងជៀសវាងនូវហានិភ័យ ដែលអាចកើតមានឡើងដោយសារសត្វដំរីព្រៃនេះ ។

រហូតដល់ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ សត្វដំរីមួយក្បាលនេះ ត្រូវបានគេរកឃើញនៅក្នុងចម្ងារ របស់ប្រជាពលរដ្ឋខ្មែរ ទើបភាគីថៃបានស្នើសុំភាគីកម្ពុជា ដើម្បីប្រើប្រាស់អាវុធបាញ់ឲ្យសន្លប់ ងាយស្រួលក្នុងការនាំយកត្រឡប់ទៅប្រទេសថៃវិញដោយដំរីនេះ មិនបានបង្កឲ្យមានការរងរបួសដល់មនុស្សណាម្នាក់នោះឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor