Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីបំផុត! ជនដៃដល់ជាមន្ត្រីនគរបាលពាក់ស័ក្ដិ៣ម្នាក់ ដែលបានប្រើអំពើហិង្សាលើមន្ត្រីនគរបាលចរាចរណ៍ជាប់​កិច្ចសន្យា ត្រូវបានតំណាងអយ្យការបានសម្រេចចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ដោយអាជ្ញាធរសាធារណៈ។

លោក លី សុផាន់ណា អ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា “ក្រោយពីបានសាកសួរចម្លើយលើឈ្មោះ សៅ បញ្ញា និងពិនិត្យឯកសារសំណុំរឿងតាមនីតិវិធី តំណាងអយ្យការបានសម្រេច បើកការស៊ើបសួរ ដោយចោទប្រកាន់ ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ដោយអាជ្ញាធរសាធារណៈ តាមមាត្រា ២១៨ និងមាត្រា ៦១៤ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត"

សូមរំលឹកថា សកម្មភាពរបស់មន្ត្រីនគរបាលរូបនេះ ត្រូវបានមហាជនរិះគន់ថា ជាទង្វើអសីលធម៌ ដែលបានប្រើអំពើហិង្សាក្នុងបទល្មើសជាក់ស្តែង មិនត្រឹមតែមជ្ឈដ្ឋានមហាជននៅម្តុំស្តុបត្រឡោកបែក បានឃើញផ្ទាល់ភ្នែកប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានមហាជនប្រើបណ្ដាញសង្គមហ្វេសប៊ុក ផ្តិតយករូបភាពទៅបង្ហោះចែករំលែកតៗគ្នាជាសាធារណៈ ជាមួយនឹងការរិះគន់ដោយសម្តីធ្ងន់ៗផងដែរ។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនមន្ដ្រីនគរបាលអសីលធម៌រូបនោះ ដែលមានឈ្មោះ សៅ បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីបម្រើការនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅយប់ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះថា មន្ត្រីនគរបាលពាក់ស័ក្ដិ៤ ដែលបានប្រើអំពើហិង្សាលើមន្ត្រីនគរបាលចរាចរណ៍ នៅម្ដុំស្តុបត្រឡោកបែកនោះ មានឋានន្តរស័ក្ដិថ្នាក់អនុសេនីយ៍ឯក (ស័ក្ដិ៣) ជាមន្ត្រីបម្រើការនៅការិយាល័យរដ្ឋបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ត្រូវបានចាប់ខ្លួននៅម៉ោង១០ព្រឹកថ្ងៃអង្គារនេះ។

បើតាមអគ្គស្នងការរងរូបនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់បទបញ្ជាដាច់ខាត ត្រូវតែចាប់ខ្លួនមន្ត្រីនគរបាលជនដៃដល់ ដើម្បីចាត់ការតាមច្បាប់ ពោល គឺដាច់ខាតត្រូវតែចាប់បញ្ជូនទៅតុលាការ ដោយគ្មានការលើកលែងឡើយ។ លោកថា នៅព្រឹកថ្ងៃស្អែក មន្ត្រីនគរបាលជំនាញ នឹងបញ្ជូនជនសង្ស័យទៅតុលាការក្រុងភ្នំពេញហើយ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ៖ “ដោយឃើញទង្វើហួសហេតុហ្នឹងហើយ បានជាយើងចាប់ខ្លួន និងចាត់ការតាមច្បាប់…ហើយនាយឧត្តមសេនីយ៍ នេត សាវឿន ដាក់បញ្ជាថា ដាច់ខាតត្រូវតែចាប់បញ្ជូនទៅតុលាការ ដោយមិនលើកលែងឲ្យនោះឡើយ”។

គួរជម្រាបថា មានហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលក្នុងហ្វូងមហាជន ហើយធ្វើឲ្យមានការរិះគន់មិនតិចឡើយ នៅខណៈដែលមន្ត្រីនគរបាលមានស័ក្ដិម្នាក់ បានប្រើអំពើហិង្សាទាត់ធាក់ទៅលើមន្ត្រីនគរបាលចរាចរណ៍ក្នុងកិច្ចសន្យាម្នាក់ ចំកណ្តាលដើមទ្រូង និងទះកំផ្លៀងទាំងកំរោល នៅម្ដុំស្តុបត្រឡោកបែក រាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ ដោយមន្ត្រីស័ក្តិ៣ខាងលើ បានប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើមន្រ្តីនគរបាលចរាចរណ៍ក្នុងកិច្ចសន្យាម្នាក់ ពេលជួយអន្តរាគមន៍បញ្ជៀសការកកស្ទះចរាចរណ៍ ខណៈរថយន្តម៉ាក ហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-9099 របស់លោកមន្ត្រីដៃដល់ឈប់ចតលើចិញ្ចើមផ្លូវ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor