
នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នេះ សមត្ថកិច្ចបានឱ្យដឹងថា នៅការដ្ឋានសំណង់ សណ្ឋាគារ និងភោជនីយ៍ដ្ឋាន អេម៉ារីអូ (EMARIO) មុខព្រះរាជដំណាក់ ស្ថិតនៅក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានកម្មករសំណង់ច្រើននាក់ ក្នុងចំណោមកម្មករបម្រើការក្នុងការដ្ឋានទាំងអស់ចំនួន ៤៥៧ នាក់ បានបន្តប្រមូលផ្តុំចូលដល់ថ្ងៃទី២ តវ៉ាជាមួយម្ចាស់ការដ្ឋាន ដោយបើកគ្រឿងចក្រ យកមកដាក់បាំងមាត់ផ្លូវក្លោងទ្វារ ចូលសណ្ឋាគារ និង រមនីយ៍ដ្ឋាន អេម៉ារីអូ ដោយមានលើកបដាផ្សេងៗ។

សមត្ថកិច្ចដែលឃ្លាំមើលហេតុការណ៍នេះ បង្ហាញពីមូលហេតុថា ដោយសារខាងម្ចាស់ការដ្ឋានសំណង់សណ្ឋាគារ និងរមនីយ៍ដ្ឋាន ខាងលើយឺតយ៉ាវ មិនបានបើកប្រាក់ខែឱ្យកម្មករចំនួន ៣ខែហើយ (តាំងខែវិច្ឆិកា ខែធ្នូ ឆ្នាំ២០១៧ និង ខែមករា ឆ្នាំ២០១៨ ) ។ បើតាមសមត្ថកិច្ចលើកយកការអះអាងរបស់លោកស្រី ជូ តារារ៉េត ហៅ ធាវី អាយុ៤៨ ឆ្នាំ ជនជាតិខ្មែរ ជាថៅកែសហគ្រាសខាងលើបានទទួលសារភាពថា ការយឺតយ៉ាវក្នុងការបើកប្រាក់ខែឱ្យកម្មករនេះ ដោយសារមានបញ្ហាក្នុងគ្រួសារ ( មានរឿងក្តីនៅតុលាការ ) និងសូមឱ្យកម្មករមានការយោគយល់។
ប៉ុន្តែបងប្អូនកម្មករទាំងអស់ដែលកំពុងខ្វះខាតជីវភាពដែរនោះ មិនឯកភាពយល់ព្រម ដោយខាងកម្មករយល់ឃើញថា៖ ខាងម្ចាស់ការដ្ឋានសំណង់ពុំទទួលខុសត្រូវ ទើបក្រុមកម្មករនៅបន្តប្រើសិទ្ធិធ្វើការប្រផ្តុំតវ៉ាជាលើកទី២ ដើម្បីឱ្យមានដំណោះស្រាយ។


