យោងតាមគេហទំព័រនគរបាលជាតិបានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់វៀតណាមបានស្នើសុំអាជ្ញាធរកម្ពុជាឲ្យផ្ដល់លិខិតស្នាមស្របច្បាប់ឲ្យបានឆាប់ៗ ដល់ជនអន្តោប្រវេសន៍វៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក តូ ឡាំ បានស្នើឡើងបែបនេះ នៅអំឡុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃអាទិត្យកន្លងមកនេះ។
លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងថា៖ ក្នុងជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ជាមួយឯកឧត្តម តូ ឡាំ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមនេះ គឺភាគីវៀតណាមក៏បានសុំឲ្យអាជ្ញាធរកម្ពុជាអនុវត្តការផ្តល់លិខិតស្នាមស្របច្បាប់ ចំពោះជនអន្តោប្រវេសន៍វៀតណាមឲ្យបានឆាប់ផងដែរ។
ក្រុមមេដឹកនាំវៀតណាមបានស្នើបែបនេះជាបន្តបន្ទាប់មកភាគីកម្ពុជា ក្រោយពីអាជ្ញាធរកម្ពុជាបានចេញបញ្ជាឲ្យដកហូតឯកសាររដ្ឋបាលមិនប្រក្រតីកាន់កាប់ដោយជនបរទេស ដែលភាគច្រើនលើសលប់កាន់កាប់ដោយជនអន្តោប្រវេសន៍វៀតណាម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ប្រាប់ពីគម្រោងស្នើឲ្យកែប្រែច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិ ដោយថាដើម្បីផ្ដល់ភាពងាយស្រួលដល់ជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រាប់ថាអាជ្ញាធរកម្ពុជាបានទទួលយកសំណើររបស់ភាគីវៀតណាម ប៉ុន្តែ លោកបញ្ជាក់ថាកម្ពុជានៅពិចារណាទៅលើផ្លូវច្បាប់ដែលមានស្រាប់។ លោកថា៖ បើសិនជាគាត់គោរពតាមច្បាប់ យើងចេញប្រកាសទទួលស្គាល់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូន ហើយដល់៧ឆ្នាំក្រោយ គាត់កាន់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍បានន័យថាគាត់ស្នាក់នៅស្របច្បាប់ហើយ គាត់អាចសុំចូលសញ្ជាតិ ហើយអាស្រ័យទៅលើសមត្ថកិច្ចកម្ពុជាដែរ បើសិនជាគាត់មានប្រព្រឹត្តិអីល្មើសនឹងច្បាប់ ក៏គេមិនឲ្យចូលសញ្ជាតិដែរ។ ខ្ញុំសូមបញ្ជាក់ជូនពីភាពស្របច្បាប់ និងមិនស្របច្បាប់។ មិនស្របច្បាប់យ៉ាងម៉េច ចង់និយាយថា ចូលមកកម្ពុជាស្នាក់នៅលើសទិដ្ឋាការ ចូលមកកម្ពុជាគ្មានលិខិតឆ្លងដែន ស្នាក់នៅខុសច្បាប់ អ្នកបម្រើការងារគ្មានប័ណ្ណការងារ អត់បានពន្យាទិដ្ឋាការ អាហ្នឹង គឺថា ខុសច្បាប់ យើងអនុវត្តច្បាប់ហើយ គឺយើងចាប់បណ្ដេញចេញ។ ក្រសួងមហាផ្ទៃគ្រោងនឹងចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍រយៈពេល ២ឆ្នាំ ដល់ជនអន្តោប្រវេសន៍វៀតណាមទាំងឡាយណា ដែលបានដាក់ពាក្យស្នើសុំ និងបំពេញតាមគ្រប់លក្ខណៈវិនិច្ឆ័យរបស់ក្រសួង។

