នៅក្នុងឆ្នាំ២០១៨នេះ នគរបាលជាតិកម្ពុជា ចំនួន៥២០នាក់នឹងទៅសិក្សាលើជំនាញមួយចំនួននៅប្រទេសវៀតណាម ការសិក្សានេះមានវគ្គរយៈពេលវែងកម្រិតមហាវិទ្យាល័យ និងកម្រិតមធ្យម ដោយស្ថិតនៅក្រោមការបណ្ដុះលបណ្ដាលរបស់ក្រសួងនគរបាលវៀតណាម។
កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោយចប់ពិធីចុះហត្ថលេខាផែនការសហប្រតិបត្តិការឆ្នាំ២០១៨ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ការដ្ឋានគរបាលជាតិបានផ្ដល់បទសម្ភាសដល់ក្រុមសារព័ត៌មាន ថាក្រៅពីបណ្ដុះបណ្ដាលនគរបាលជាតិកម្ពុជា វៀតណាមនឹងជួយសម្ភារបច្ចេកទេសមួយចំនួន បូករួមទាំងជួយក្នុងការសាងសង់សាលសហសិក្សាមួយសម្រាប់សាលានគរបាលកម្ពុជាផងដែរ។
នៅក្នុងពិធីចុះហត្ថលេខាផែនការសហប្រតិបត្តិការឆ្នាំ២០១៨ រវាងកម្ពុជា-វៀតណាម ភាគីទាំងពីរបានពិភាក្សាផ្តោតទៅលើចំណុចសំខាន់ៗ ចំនួន៣គឺទី១៖ ការត្រួតពិនិត្យ វាយតម្លៃ អំពីសភាពការណ៍សន្តិសុខនិងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់រវាងប្រទេសទាំងពីរ។
ទី២៖ ការវាយតម្លៃអំពីកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលទាំងពីររយៈពេល១ឆ្នាំកន្លងមក។
និងទី៣៖ ការវាយតម្លៃអំពីការអនុវត្តផែនការឆ្នាំ២០១៧ ទាក់ទងទៅនឹងការបំពាក់បំប៉ន បណ្តុះបណ្តាលមន្ត្រី ពាក់ព័ន្ធ និងការផ្លាស់ប្តូរប្រតិភូ ការព្យាបាលជំងឺ និងពាក់ព័ន្ធដល់ការផ្តល់ជំនួយបច្ចេកទេស ព្រមទាំងពិភាក្សាគ្នាដើម្បីកំណត់ទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨នេះ។
សូមរម្លឹកថា ក្នុងឆ្នាំ២០១៧ កន្លងទៅ កម្ពុជាបានបញ្ជូនមន្ត្រីនគរបាល៤៩២នាក់ ទៅសិក្សានៅប្រទេសវៀតណាម។

