កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត អតីតចៅសង្កាត់អូរចារ ស្រុកសង្កែ ខេត្តបាត់ដំបង សម្ដែងក្ដីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីមានការគំរាមរបស់លោក ឈាង វុន មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលចោទថាទីតាំងហាងនំបញ្ចុករបស់កញ្ញា អាចជាទីតាំងគាំទ្រចលនាក្រុមឧទ្ទាម។
ការព្រួយបារម្ភនេះ គឺបន្ទាប់ពីលោក ឈាង វុន សរសេរនៅលើហ្វេសប៊ុករបស់លោកថា លោកឃើញអ្នកប្រកាសគាំទ្រចលនាឧទ្ទាមចេញចូលហាងលក់នំបញ្ចុករបស់កញ្ញា រ៉ូហ៊្សេត ជួយជូតឥដ្ឋការ៉ូ ជូតតុ និងបម្រើភ្ញៀវ។ លោកអះអាងថា ប្រសិនបើទីនោះត្រូវបានប្រើប្រាស់ជាកន្លែងប្រមូលផ្ដុំរងើកភ្លើងមែន នោះវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ រ៉ូហ្ស៊េត ហើយមិនអាចអត់អោនបានឡើយ។
រឿងរ៉ាវរវាងមន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ទៅរំខានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត នៅខេត្តបាត់ដំបង នៅមិនទាន់ចប់ទេ ហើយពេលនេះលោក ឈាង វុន ត្រូវបានគេស្រង់សម្ដីថា បានចោទប្រកាន់ថា អាហារដ្ឋានរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត គាំទ្រចលនាឧទ្ទាម។
លោក ឈាង វុន ដែលជាតំណាងរាស្ត្រគណបក្សកាន់អំណាច អះអាងថា លោកនៅមានរូបភាពជាច្រើនទៀតរបស់អ្នកដែលមានជាប់ពាក់ព័ន្ធនឹងចលនាសង្គ្រោះជាតិឧទ្ទាម ដែលលោកអាចនឹងបង្ហាញបាននៅពេលខាងមុខ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត បដិសេធការចោទប្រកាន់នេះ ហើយក៏មិនចង់ដាក់ពាក្យពាក្យប្ដឹងអ្វីដែរ គឺកញ្ញាគ្រាន់តែចង់បានសុខពីរនាក់ម្ដាយចាស់ ដោយការរកស៊ីលក់នំបញ្ចុកយកកម្រៃដោះស្រាយជីវភាព ចិញ្ចឹមគ្រួសារ បង់ថ្លៃផ្ទះប៉ុណ្ណោះ៖ «»។
ទោះជាយ៉ាងណាក្ដី កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចង់ឲ្យលោក ឈាង វុន ឈប់មករំខានការរកស៊ីនេះបន្តទៀត ដោយសារកញ្ញាគ្រាន់តែជាអ្នកលក់ដូរម្នាក់ប៉ុណ្ណោះ។ កញ្ញាក៏មិនចង់រត់ទៅណាចោលម្ដាយរបស់កញ្ញាដែលមានវ័យជាង ៧០ឆ្នាំនោះដែរ។
សម្តេច ស ខេង ធ្លាប់មានប្រសាសន៍ថា ឈប់ទៅរំខាននាង(កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត)តទៀតទៅ ប្រយ័ត្នមិនអាចទាក់ទាញគេបាន បែរជាគេទាក់ទាញវិញ។

