
ភ្នំពេញៈ សាលាខណ្ឌទួលគោក បានឃាត់រថយន្តដឹកដី១គ្រឿង ដែលធ្វើចរាចរណ៍លើផ្លូវហាមឃាត់ និងធ្វើឲ្យធ្លាក់កំពប់ដីលើទ្រូងផ្លូវ ។
ករណីឃាត់រថយន្តដឹកដីខាងលើនេះ សមត្ថកិច្ចធ្វើឡើងនារសៀលថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២៤៥ ម៉ៅសេងទុង កែងនឹងផ្លូវលេខ១៥៦ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជារៀងរាល់ចុងសប្តាហ៍ ប្រជាពលរដ្ឋសង្កេតឃើញថា មានរថយន្តធុនធំធ្វើចរាចរណ៍ចេញចូលក្រុងដោយសេរី ទោះបីជាគោលដៅដែលប៉ូលិសចរាចរឈរជើងយ៉ាងណាក៏ដោយ។
ជាក់ស្តែងរថយន្តសណ្តោងរ៉ឺម៉កចំនួន២គ្រឿង ដែលតែងតែមកផ្ទេរទំនិញនៅចំណុចឃ្លាំងលេខ១៨៦ ខាងកើតសាលាហេឡូអាមេរិកកាំង ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបង្កការកកស្ទះ និងរំខានដល់ប្រជាពលរដ្ឋព្រួយបារម្ភដល់សុវត្ថិភាពចរាចរណ៍។

ទោះជាមានសេចក្តីរាយការណ៍ជូនលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក នៅពេលមានរថយន្តចូលផ្ទេរទំនិញ និងខុសពេលវេលា ដែលសាលារាជធានីភ្នំពេញ បានកំណត់យ៉ាងណាក៏ដោយ ក៏គ្មានចំណាត់ការឡើយពីសាលាខណ្ឌទួលគោក។
ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលមានអ្នករាប់ក្បាលឡានយកលុយប្រចាំខែ ក្នុងមួយរថយន្ត៣០ម៉ឺនទៅ៤០ម៉ឺនរៀល ទើបធ្វើឲ្យច្បាប់ ឬសេចក្តីប្រកាសសាលារាជធានីភ្នំពេញ ប្រែក្លាយទៅខ្យល់យ៉ាងដូចនេះ។

ប្រជាពលរដ្ឋសំណូមដល់លោក ឃួង ស្រេង មេត្តាពិនិត្យមើលឡើងវិញនៅផែនការដាក់មកឲ្យថ្នាក់ខណ្ឌអនុវត្ត ថាតើសម្រេចដូចគោលនយោបាយដែលចង់បានឬទេ? ឬគ្រាន់ជាការស្រែកឲ្យប្រជាពលរដ្ឋគោរពតាមច្បាប់ រីឯលោកមន្ត្រីធ្វើហី មិនគោរពច្បាប់ ដូចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បើចង់បានបេះដូងរាស្ត្រ (ទាល់តែយកបេះដូងយើងទៅប្រើ )៕





