
រតនគិរីៈ ជនសង្ស័យម្នាក់ ត្រូវនគរបាលស្រុកកូនមុំចាប់ខ្លួន ពាក់ព័ន្ធប្អូនថ្លៃបានសម្រេចជាច្រើនដង ទើបបែកធ្លាយដល់បងស្រីបង្កើត(ប្រពន្ធ)បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំត្រពាំងក្រហម កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ពីនគរបាលស្រុកកូនមុំបានឲ្យដឹងថា សមត្ថកិច្ចនគរបាលស្រុកកូនមុំបានទទួលពាក្យបណ្តឹងពីបងស្រីបង្កើតជនរងគ្រោះត្រូវជាប្រពន្ធជនសង្ស័យបានឲ្យដឹងថា ប្តីរបស់ខ្លួនបានរំលោភប្អូនស្រីបង្កើត(ប្អូនថ្លៃ)យូរណាស់មកហើយ តែខ្លួនមិនដឹងចេះតែសង្ស័យទើបដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ត្រពាំងក្រហម។
របាយការណ៍បានបន្តថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ កម្លាំងជំនាញអធិការនគរបាលស្រុកកូនមុំបានកោះហៅជនសង្ស័យមកសាកសួរ ហើយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានរំលោភប្អូនថ្លៃពិតប្រាកដមែន។ ជនសង្ស័យឈ្មោះ សែម សារ៉ូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ចំណែកនារីរងគ្រោះឈ្មោះ ហ.ស.ល អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នា សមត្ថកិច្ចបានបញ្ជូននារីរងគ្រោះទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយពីការសាកសួរចប់សព្វគ្រប់សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

