
ភ្នំពេញៈ អ្នកខ្លះនៅតែបំពានភ្លើងស្តុប អាងតែមិនឃើញមានប៉ូលីសចរាចរណ៍យាម។ នៅពេលខាងមុខនេះ អ្នកដែលបំពានច្បាប់ចរាចរណ៍ទាំងអស់នោះ នឹងមានការកោះអញ្ជើញឲ្យចូលខ្លួនបង់ការផាកពិន័យ ដោយមានភស្តុតាងក្នុងកាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់តាមភ្លើងស្តុប។
កាមេរ៉ាស៊េរីទំនើបត្រូវបានបំពាក់តាមភ្លើងស្តុប ក្នុងរាជធានីភ្នំពេញចំនួនប្រមាណជាង ១.០០០គ្រឿង រួចមកហើយ។ មិនត្រឹមតែអាចចាប់បានអ្នកល្មើសច្បាប់ចរាចរណ៍ប៉ុណ្ណោះទេ តែលក្ខណៈពិសេសមួយទៀតនោះ គឺអាចចាប់បទល្មើសព្រហ្មទណ្ឌនានា ដូចជា ចោរលួច ចោរឆក់ ចោរប្លន់ នៅតាមដងវិថីទៀតផង។ នេះបើតាមប្រសាសន៍វរសេនីយ៍ឯក ចេវ ហាក់ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញធ្លាប់ផ្ដល់បទសម្ភាសកន្លងមក។
វរសេនីយ៍ឯក ចេង ហាក់ បានឲ្យដឹងថា សមត្ថភាពរបស់កាមេរ៉ាខាងលើ អាចមើលឃើញយ៉ាងច្បាស់ ព្រោះប្រព័ន្ធខាងលើអាច Zoom (ពង្រីក) រូបដែលបានថតជាប់ នូវរាល់បទល្មើសនានា ដែលអាចជួយការងារសមត្ថកិច្ចបានលឿន ពោលគឺ ហេតុការណ៍កើតឡើងភ្លាម គឺសមត្ថកិច្ចមកដល់ភ្លាម។
ករណីមានអ្នកល្មើសច្បាប់ចរាចរណ៍ មិនគោរពស្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ត្រឹមរយៈពេលមិនដល់១នាទី គេអាចឆែកដឹងតាម ប្រព័ន្ធខាងលើថា យានយន្តអ្នកបំពានច្បាប់ជារបស់នរណា អាសយដ្ឋាននៅឯណា ហើយបង្កាន់ដៃនឹងទៅដល់ផ្ទះអ្នកល្មើសច្បាប់នោះ បើមិនគោរព នឹងបញ្ជូនដល់តុលាការ៕

