
កំពង់ចាមៈ រថយន្ត២គ្រឿង បោលបុកគ្នាពេញទំហឹងទាំងព្រឹក បណ្ដាលឲ្យមនុស្សម្នាក់ និង៧នាក់ទៀតរងរបួសធ្ងន់ស្រាល កាលពីព្រឹកថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧៖០០នាទី នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ដ២គ្រឿង ដោយរថយន្ដ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2R-8015 បើកបរដោយឈ្មោះ សៀ លីវន្ដ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិខ្នា ឃុំជ្រាវ ខេត្តសៀមរាប បើកបរក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចខាងលើ បានប៉ះទង្គិច ជាមួយរថយន្ត១គ្រឿង ម៉ាកហ៊ិយ៉ាន់ដាយ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-5084 ដែលមានសណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ បាត់ដំបង 4A-0003 ដែលចតលើចិញ្ចើមផ្លូវ។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យខូចខាត រថយន្ត២គ្រឿងធ្ងន់ធ្ងរ របួសជនជាតិកូរ៉េ ចំនួន៨នាក់ ធ្ងន់ចំនួន៧នាក់ របួសជនជាតិខ្មែរម្នាក់ (ស្រាល) និងស្លាប់ខ្មែរម្នាក់៕






