
ភ្នំពេញៈ កាលពីព្រឹកថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ យុវជនម្នាក់ បានមកដាក់ពាក្យប្តឹងបាត់ម៉ូតូម៉ាកហ៊្សូមមើអេជ មួយគ្រឿងក្រោយពីបានចូលទៅផ្ញើនៅហាងអ៊ីនធើណេតកម្សាន្ត២៤ម៉ោងលើ២៤ម៉ោង យ៉ីហោ GLORY S ស្ថិតនៅខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ចម្ងាយ៧០ម៉ែត្រ ផ្លូវ១៥៦ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យុវរងគ្រោះឈ្មោះ ស៊ូ ម៉ាត្រា អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកឯកជននៅគ្លីនិចក្នុងរាជធានីភ្នំពេញ ស្នាក់នៅផ្ទះលេខ៦០៦ ផ្លូវ៣៦៣ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា មុនឈានដល់បាត់ម៉ូតូ Zoomer-X ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ1FW-2869 ខ្លួនបានចេញពីជប់លេងកម្មវិធីក្រុមហ៊ុនប្រហែលម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ដោយមិនមានប្រាក់ជាប់ខ្លួន និងពិបាកចូលផ្ទះផង ក៏សម្រេចចិត្តមកផ្ញើម៉ូតូ ព្រមទាំងចូលទៅដេកក្នុងកន្លែងហាងអ៊ីធើណេត GLORY S ខាងលើនេះ ។ ដោយយល់ឃើញថា ហាងអ៊ីនធើណេតនេះបានជួលសន្តិសុខឯកជនឈ្មោះ ក្រុមហ៊ុន សន្តិសុខ មានឫទ្ធិ (SSMR) មកយាមការពារ និងថែរក្សា ដោយមិនយកកម្រៃផ្ញើឡើយ ព្រមទាំងបើកដំណើរការ២៤ម៉ោងលើ២៤ម៉ោងទៀតផង។
ប្រភពបានបន្តទៀតថា ពេលភ្ញាក់ដឹងខ្លួននៅព្រឹកថ្ងៃខែឆ្នាំដដែល ស្រាប់តែទៅយកម៉ូតូមិនឃើញ ហើយបានសាកសួរសន្តិសុខ ក៏ឆ្លើយថា មិនដឹង និងបានដេញខ្លួនជាជនរងគ្រោះមកដាក់ពាក្យប្តឹងអំពីករណីបាត់ម៉ូតូនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ទៀតផង។ ជនរងគ្រោះព្រមទាំងក្រុមគ្រួសារបានហួសចិត្តជាមួយក្រុមហ៊ុន សន្តិសុខមានឫទ្ធិ (SSMR) ដែលគ្មានភាពទទួលខុសត្រូវឡើយ ដោយបាននិយាយដោះសារយករួចខ្លួនមិនទទួលខុសត្រូវលើការងារ ដែលថែរក្សាការពារទ្រព្យសម្បត្តិរបស់អតិថិជន ហើយពួកគាត់សំណូមពរដល់ម្ចាស់ហាងអ៊ីធើណេត GLORY S ជួយដោះស្រាយបញ្ហាខាងលើនេះផង។ បើមិនដូច្នេះទេ តើហាងអ៊ីនធើណេត GLORY S របស់លោកអ្នកជាកន្លែងទុកឲ្យក្រុមជនសង្ស័យប្រព្រឹត្តបទល្មើសឬយ៉ាងណា? បើមានក្រុមហ៊ុន សន្តិសុខមានឫទ្ធិ (SSMR) នៅតែបាត់បង់ទ្រព្យសម្បត្តិភ្ញៀវទៀតនោះ។

លោក តន់ រ៉ាវី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ បានប្រាប់ជនរងគ្រោះថា គាត់បានត្រឹមតែទទួលពាក្យប្តឹងតែប៉ុណ្ណោះ និងបញ្ជូនទៅថ្នាក់លើ ដើម្បីធ្វើការផ្សព្វផ្សាយ ព្រមទាំងស្វែងរកម៉ូតូ។
ដោយឡែកសន្តិសុខនៃក្រុមហ៊ុន សន្តិសុខមានឫទ្ធិ (SSMR) បានអញ្ជើញខាងក្រុមគ្រួសារជនរងគ្រោះទៅដោះស្រាយនៅឯក្រុមហ៊ុន តែខាងជនរងគ្រោះសុំឲ្យម្ចាស់ហាងអ៊ីធើណេត GLORY S ចេញមុខដោះស្រាយ រឿងករណីបាត់ម៉ូតូខាងលើនេះ តើនេះជាទម្លាប់របស់ពួកសន្តិសុខនៃក្រុមហ៊ុន សន្តិសុខមានឫទ្ធិ (SSMR)? ដែលតែងតែមានរឿងកើតឡើងដោះស្រាយត្រឹម២ទៅ៣រយដុល្លារ មិនស្មើរ១០ភាគរយនៃតម្លៃទ្រព្យសម្បត្តិផងនោះ តើក្រុមហ៊ុន សន្តិសុខមានឫទ្ធិ (SSMR) ជាក្រុមជនសង្ស័យប្រព្រឹត្តបទល្មើសហើយដោះស្រាយតាមរបៀបនេះមែនទេ? នេះជាអ្វីដែលខាងក្រុមគ្រួសារជនរងគ្រោះមានចម្ងល់!៕


