
នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅវិមានសន្តិភាព ក្នុងជំនួបទ្វេភាគីកម្ពុជា-ចិន ក្រោមអធីបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងចិន កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីគម្រោងបាញ់បង្ហោះផ្កាយរណបដំបូងរបស់កម្ពុជា ត្រូវបានចុះហត្ថលេខារួចរាល់ហើយ។ ការចុះកិច្ចព្រមព្រៀងលើគម្រោងថ្មីនេះ ធ្វើឡើងរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយាល់គ្រុប (កម្ពុជា) និងលោក យីន លីម៉េង ប្រធានសាជីកម្មឧស្សាហកម្មមហាកំពែងចិន (ចិន) ដែលមានទឹកប្រាក់វិនិយោគប្រមាណ១៥០លានដុល្លារអាមេរិក។

លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្នុងការធ្វើទំនើបកម្មវិស័យគមនាគមន៍ ហើយមានសារៈសំខាន់យ៉ាងខ្លាំងចំពោះវិស័យនេះ។ បន្ទាប់ពីការចុះហត្ថលេខានេះ ក្រុមការងារដែលបង្កើតឡើងរួចរាល់ហើយ នឹងធ្វើការសិក្សាវាយតម្លៃអំពីកិច្ចដំណើការ នៃការបាញ់បង្ហោះផ្កាយរណបទៅអវកាស នេះជាការបញ្ជាក់របស់លោករដ្ឋមន្ត្រី។ ហើយ ក្រុមការងារនេះនឹងត្រូវប្រើប្រាស់ពេលវេលា២ឆ្នាំកន្លះ ដើម្បីកំណត់ទីតាំង និងរៀបចំឧបករណ៍ ឈានដល់ការបាញ់បង្ហោះផ្កាយរណបទៅលើអាកាស ហើយផ្កាយរណបនោះមានអាយុកាលប្រើប្រាស់រយៈពេល១៥ឆ្នាំ។
យ៉ាងយូរ៣ឆ្នាំគម្រោងនៃការបាញ់បង្ហោះផ្កាយរណបនឹងលេចចេញជារូបរាងពិតប្រាកដ ពេលនោះកម្ពុជានឹងមានផ្កាយរណបប្រើប្រាស់ផ្ទាល់ខ្លួន។
ការប្រើប្រាស់ប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួន ពិតជាមានសារៈសំខាន់សម្រាប់វិស័យការពារជាតិ និងសន្ដិសុខវិស័យទូរគមនាគមន៍ ក៏ដូចជាសន្ដិសុខជាតិរបស់កម្ពុជាផងដែរ ដែលអាចជួយបំពេញចន្លោះខ្វះខាត ចំពោះតំបន់ណាដែលមិនមានខ្សែកាបអុបទិក និងគ្មានសេវាទូរស័ព្ទ និងក៏ជាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍មួយសម្រាប់បម្រុងផងដែរទៅលើបណ្តាញកាប្លិ៍អុបទិក ត្រូវបានកាត់ផ្តាច់ដោយយថាហេតុ។
