
ភ្នំពេញៈ មានសំណួរចោទសួរជាច្រើន បានលើកឡើងថា គេមិននឹកថា អ្នកនាងស៊ឹម សូលីកា ស្រាប់តែមានចិត្តងាកមករកលោក អេង រិទ្ឋី ក្លាយជារឿងរ៉ាងលេចឮថាស្រឡាញ់គ្នាជិតដិតដូចគូស្នេហ៍។ នេះច្បាស់ជាមិនខុសពីពាក្យស្នេហ៍មិនឈ្នះស្និត នៅក្បែរគ្នា ធ្វើការយូរទៅដក់ចិត្តតែម្តង មិនខុសពីគង់ សុជាតិ និងលោក ជា វីបុលនោះទេ ។
ស៊ឹម សូលិកា អំឡុងពេលដែលផ្អែមល្ហែមស្នេហ៍ថ្មី ជាមួយលោក អេង រិទ្ធី នេះ នាងបានវិលត្រឡប់មកថតភាពយន្តឡើងវិញ ដែលគេឃើញពីសមត្ថភាពរបស់នាង នៅតែខ្លាំងតាមរយៈរឿង “ទឹកចិត្តម្តាយសម័យថ្មី” របស់ផលិតកម្មថោន តែនាងមិនថតឲ្យហង្សមាស ឡើយ បើទោះបីជាមានការទាក់ទងជាច្រើនលើកច្រើនសាក្តី ព្រោះតែពិធីការិនីប៉ុស្តិ៍បាយ័ន រូបនេះថា គ្មានពេលគ្រប់គ្រាន់ឡើយ។

មានតែស៊ឹម សូលិកា ម្នាក់ទេ ដែលទៅណាហ៊ានបណ្តើរគូស្នេហ៍ថ្មី លោក អេង រិទ្ធី ជាចំហយ៉ាងមានក្តីសុខ ព្រោះហាក់មិនឆក់កណ្តៀត ឬភ្នែកនៅកញ្ចឹងកដូចតារាដទៃទៀតឡើយ ទើបធ្វើឲ្យទាំងមហាជន និងអ្នកសិល្បៈមួយចំនួនយល់ថា ដោយសារបេះដូងពួកគេស្មោះស្ម័គ្រទៅវិញទៅមក ដោយការស្រលាញ់ពេញបេះដូងដូចគ្នា ទើបអាចបណ្តើរគ្នាដូចលលកញីឈ្មោលគ្រប់ជំហានបែបនេះបាន។ នៅតែគ្មានដំណឹងរៀបការជាមួយម្ចាស់ចិត្តថ្មី លោករិទ្ធី ឡើយ បើទោះបីជាមុននេះ មានដំណឹងថា ក្រុមគ្រួសារសូលិកា ពេញចិត្តលោករិទ្ធី ខ្លាំង ហើយសូម្បីតែកូនស្រីសូលិកា ឈ្មោះស្រីណុច ដែលពេញវ័យក្រមុំទៅហើយនោះ ក៏ចង់ឲ្យម្តាយរបស់គេរៀបការជាមួយលោករិទ្ធី ឆាប់ៗក្តី តែរហូតមកដល់ពេលនេះ គេមិនទាន់លេចឮថា សូលិកា នឹងចង់ដឹកដៃលោករិទ្ធី ចូលរោងការជាក់លាក់នៅឡើយ។

ចំណងស្នេហានេះ នៅមិនទាន់សុំការបកស្រាយពីសាមីខ្លួនបាននៅឡើយទេ ដែលរំពឹងថា អ្នកទាំងពីរ និងលាងចម្ងល់នជូនសាធារណៈជន បានដឹងនាពេលខាងមុខ៕



